ភ្នំពេញ ៖ ពិតដូចជាការសន្យាមែន តារាសម្តែងស្រីធ្មេញជំពើស កញ្ញា មាន សូនីតា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ បានធ្វើដំណើរស្កាត់ពីភ្នំពេញដែលមានផ្ទៃដីរាប់រយគីឡូម៉ែត្រ ទៅជួយក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវជនជាតិជប៉ុនមានគ្នាពីរនាក់ បានប្លន់សម្លាប់ នៅឯខេត្តសៀមរាប។
ការធ្វើដំណើររបស់ កញ្ញា មាន សូនីតា និងក្រុមការងារមានគ្នាប្រមាណ៥ ឬ៦នាក់ ចេញទៅទឹកដីខេត្តសៀមរាបនេះ គឺក្នុងគោលបំណង ដើម្បីជួបចូលរំលែកទុក្ខ និងនាំយកថវិកាសប្បុរសជនមួយចំនួនទៅឧបត្ថម្ភជួយដល់គ្រួសារជនរងគ្រោះ បន្ទាប់ពីស្វាមី និងឪពុករបស់ពួកគាត់ ត្រូវបានស្លាប់ដោយសារអំពើប្លន់សម្លាប់ពីសំណាក់បុរសជនជាតិជប៉ុន២នាក់ កាលពីថ្មីៗកន្លងមកនេះ។
បើតាមការរៀបរាប់ភ្ជាប់ជាមួយរូបភាព និងវីដេអូរន្ធត់រហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនរបស់កញ្ញា មាន សូនីតា បាននិយាយទាំងខ្សឹកខ្សួលថា រន្ធត់ពេក មានពាក្យជាច្រើននិយាយចង់រំលែកទុក្ខ តែអារម្មណ៍អួលដើមកពេក គ្រាន់តែបានឃើញស្ថានភាពគ្រួសារគាត់..។ តើកូនៗមានអ្នកណារំពឹងទៅ កូនបងអាយុ១៩ឆ្នាំ មិនសូវប្រក្រតី ចំណែក៣នាក់ទៀតតូចៗនៅរៀន។
តារាសម្ដែងស្រីស្រស់ស្អាតចិត្តធម៌ កញ្ញា មាន សូនីតា បាននិយាយបន្តទៀតថា នេះជាជីវិតដែលអាសូរណាស់ ជាពិសេសក្មេងៗ នៅក្នុងបន្ទុក ដែលធ្វើឲ្យខ្ញុំទប់អារម្មណ៍មិនជាប់។ អរគុណបងៗដែលបានចូលថវិកាតាមខ្ញុំផងដែរ។ បន្ថែមពីលើនេះ កញ្ញា មាន សូនីតា បានប្រាប់កម្ពុជាថ្មីឲ្យដឹងនារសៀល ថ្ងៃទី២៧មីនានេះ ថាចំនួនថវិកាដែលទទួលបានពីសប្បុរសជនដែលបានប្រគល់ជូនគ្រួសារជនរងគ្រោះសរុបទាំងអស់មាន១.៦១៥ដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments