លោកប្រធានាធិបតី Nicolas Maduro បានស្តីបន្ទោស “ពួកភេរវករ” ចំពោះការដាច់ភ្លើងថ្មីសឹងតែទូទាំងប្រទេសដែលបានវាយប្រហារប្រទេសវេណេហ្ស៊ូអេឡាកាលពីថ្ងៃអង្គារ, ពីរសប្តាហ៍ បន្ទាប់ពីការដាច់ភ្លើងស្រដៀងគ្នានេះបណ្តាលឲ្យមានការស្លាប់និងភាពវឹកវរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម Twitter លោក Maduro បាននិយាយថា ការបញ្ឆេះឲ្យមានអគ្គិភ័យដោយចេតនាទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទបានវាយប្រហារទីតាំងនានានៅជុំវិញរោងចក្រទំនប់វារីអគ្គិសនី Guri នៅភាគខាងត្បូងប្រទេសដែលផ្គត់ផ្គង់ថាមពលដល់ទៅ៨០ភាគរយនៃប្រជាពលរដ្ឋវេណេហ្ស៊ូអេឡាចំនួន៣០លាននាក់។
លោកបាននិយាយថា “ស្នាដៃក្រុមឧក្រិដ្ឋជន” បានកាត់ផ្តាច់ចរន្តអគ្គិសនីខណៈពេលការជួសជុលកំពុងបន្ត។ លោកបន្តថាការវាយប្រហាររបស់ពួកភេរវករមានគោលបំណងធ្វើឲ្យប្រទេសអស្ថិរភាព។
រដ្ឋមន្ត្រីទំនាក់ទំនងរបស់លោកឈ្មោះ Jorge Rodriguez បានបង្ហោះរូបភាពនៃរោងចក្រអគ្គិសនីដែលត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង។
ស្របពេលជាមួយគ្នានោះ លោកស្រីអនុប្រធានាធិបតី Delcy Rodriguez បាននិយាយថា ការបិទសាលារៀននិងកន្លែងធ្វើការរយៈពេល២៤ម៉ោងនឹងត្រូវបានពន្យារពេល២៤ម៉ោងទៀតដល់ល្ងាចថ្ងៃពុធដោយសារតែទំហំនៃការខូចខាត។
ការដាច់ភ្លើងលើកទី១ចន្លោះថ្ងៃទី៧ដល់ថ្ងៃទី១៤ខែមីនាបានបណ្តាលឲ្យអ្នកជំងឺនៅមន្ទីរពេទ្យជាង១០នាក់ស្លាប់ហើយប្រជាពលរដ្ឋដែលអស់សង្ឃឹមបានងាកទៅរកប្រភពទឹកលូដើម្បីទទួលបានទឹក។
កាលពីថ្ងៃអង្គារ ទីក្រុង Caracas និងទីក្រុងផ្សេងទៀតត្រូវបានជាប់គាំងជាថ្មីម្តងទៀត។ ការដឹកជញ្ជូនជាសាធារណៈនិងការផ្គត់ផ្គង់ទឹកត្រូវបានរំខាន។ អគារដែលគ្មានម៉ាស៊ីនភ្លើងដោយរួមទាំងមន្ទីរពេទ្យជាច្រើនផងដែរនោះបានធ្លាក់ចូលទៅក្នុងភាពងងឹត។ ផ្លូវនៅក្នុងរដ្ឋធានីគឺទំនេរហើយហាងនានាត្រូវបិទទ្វារ។
នៅក្នុងការដាច់ភ្លើងចុងក្រោយនេះ លោក Maduro ក៏បាននិយាយផងដែរថា រោងចក្រ Guri ត្រូវបានកំណត់គោលដៅ។ បន្ទាប់មក លោកបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបើកការវាយប្រហារតាមអ៊ីនធើណិតប្រឆាំងនឹងវាហើយគណបក្សប្រឆាំងគឺជាអ្នកនៅពីក្រោយទង្វើនៃ “ការបំផ្លិចបំផ្លាញ” នេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments