ប៉ូលិសហូឡង់បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើហេតុផលជំរុញអំពើភេរវកម្មសម្រាប់សម្រាប់ការវាយប្រហារលើរថភ្លើងដឹកអ្នកដំណើរក្នុងទីក្រុង Utrecht ខណៈដែលពួកគេបានចាប់ខ្លួនជនសង្ស័យថ្មីម្នាក់កាលពីថ្ងៃអង្គារពាក់ព័ន្ធការបាញ់សម្លាប់នេះ។
អាជ្ញាធរបាននិយាយថា ពួកគេបានរកឃើញលិខិតដ៏គួរឲ្យសង្ស័យមួយនៅក្នុងរថយន្តដែលប្រើប្រាស់ដោយជនសង្ស័យដើមកំណើតទួរគីឈ្មោះ Gokmen Tanis អាយុ៣៧ឆ្នាំដែលជាហេតុធ្វើឲ្យពួកគេចាត់ទុកថា អំពើភេរវកម្មនេះអាចពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញកាលពីថ្ងៃចន្ទដែលក្នុងនោះមនុស្សចំនួន៣នាក់ត្រូវបានសម្លាប់និង៧នាក់រងរបួស។
ព្រះរាជអាជ្ញាបាននិយាយថា មន្ដ្រីប្រឆាំងភេរវកម្មប្រដាប់អាវុធបានចាប់ខ្លួនជនសង្ស័យថ្មីម្នាក់ដែលមានអាយុ៤០ឆ្នាំនៅក្នុងទីក្រុង Utrecht ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុបាញ់ប្រហារនេះ។ ព្រះរាជអាជ្ញាបន្ថែមថា តួនាទីរបស់គាត់កំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀត។
ព្រះរាជអាជ្ញាបានបន្ថែមទៀតថា បុរសពីរនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទទាក់ទងនឹងការបាញ់ប្រហារនោះគឺត្រូវបានដោះលែង។
ប៉ូលិសនិងព្រះរាជអាជ្ញារបស់ប្រទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “រហូតមកដល់ពេលនេះ ហេតុផលជំរុញសម្រាប់អំពើភេរវកម្មនេះកំពុងត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា។ នេះអាស្រ័យលើលិខិតមួយដែលរកឃើញនៅក្នុងរថយន្ត”។
ដោយច្រានចោលរបាយការណ៍ដែលថាការបាញ់ប្រហារនេះគឺដោយសារតែជម្លោះគ្រួសារនោះ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា “ការស៊ើបអង្កេតរបស់យើងបានបង្ហាញថា គ្មានទំនាក់ទំនងរវាងជនសង្ស័យនិងជនរងគ្រោះទេ”។
ប៉ូលិសប្រដាប់អាវុធបានចាប់ខ្លួនលោក Tanis បន្ទាប់ពីការតាមប្រមាញ់រយៈពេលប្រាំបីម៉ោងដែលស្ទើរតែបានបិទទីក្រុងធំបំផុតលំដាប់ទីបួនរបស់ប្រទេសហូឡង់មួយនេះហើយធ្វើឲ្យសន្តិសុខត្រូវរឹតបន្តឹងនៅតាមព្រលានយន្តហោះនិងកន្លែងសំខាន់ៗនៅទូទាំងប្រទេស។
លោក Tanis ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងសប្តាហ៍នេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments