ប្រេសិតអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិនឹងដាក់ផែនការថ្មីមួយសម្រាប់ការដកកងកម្លាំងចេញពីទីក្រុង Hodeida របស់ប្រទេសយេមែនទៅកាន់រដ្ឋាភិបាលនិងពួកឧទ្ទាម Huthi។
ការដាក់ពង្រាយកងកម្លាំងជាថ្មីត្រូវបានយល់ព្រមកាលពីខែធ្នូនៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់មួយដែលបានសម្រេចនៅក្នុងប្រទេសស៊ុយអ៊ែតដែលផ្តល់ក្តីសង្ឃឹមដ៏ល្អបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការឈានទៅដល់ការបញ្ចប់សង្គ្រាម។
សេចក្តីថ្លែងការណ៍មួយពីលោក Martin Griffiths ដែលជាបេសកជនរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេមែនបាននិយាយថា “បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយការស្ថាបនាជាមួយភាគីទាំងពីរ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដើម្បីអនុវត្តដំណាក់កាលមួយនៃការពង្រីកកិច្ចព្រមព្រៀងទីក្រុង Hodeida”។
លោកបានបន្ថែមថា “ព័ត៌មានលម្អិតអំពីប្រតិបត្តិការនឹងត្រូវបង្ហាញដល់ភាគីនានានៅក្នុងគណៈកម្មាធិការសម្របសម្រួលការដាក់ពង្រាយជាថ្មី (RCC) សម្រាប់ការអនុម័តឆាប់ៗ”។
RCC ដែលត្រូវបានដឹកនាំដោយឧត្តមសេនីយ៍សញ្ជាតិដាណឺម៉ាកឈ្មោះ Michael Lollesgaard គឺត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងទីក្រុង Stockholm ដើម្បីនាំយករដ្ឋាភិបាលនិងក្រុម Huthi ទៅកាន់តុចរចាដើម្បីស្វែងរកព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់ប្រេសិត UN មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមនៃការដកកងទ័ពទេដែលវានឹងកត់សម្គាល់ជាជំហានដ៏រឹងមាំលើកដំបូងឆ្ពោះទៅកាន់ការបន្ធូរបន្ថយភាពតានតឹងនៅក្នុងទីក្រុង Hodeida។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបានប្រកាសកិច្ចព្រមព្រៀងមួយស្តីពីការដកកងទ័ពចំនួនពីរដំណាក់កាលចេញពីទីក្រុង Hodeida និងកំពង់ផែរបស់ខ្លួនកាលពីថ្ងៃទី១៧ខែកុម្ភៈប៉ុន្តែការដាក់ពង្រាយឡើងវិញបានបរាជ័យហើយកិច្ចប្រឹងប្រែងសន្តិភាពហាក់ដូចជាមិនដំណើរការ។
យោងតាមអ្នកការទូត UN បានឲ្យដឹងថា ក្រុម Huthi បានបដិសេធដកខ្លួនចេញពីកំពង់ផែជាផ្នែកមួយនៃដំណាក់កាលដំបូងដោយលើកឡើងពីភាពភ័យខ្លាចថា កងកម្លាំងដែលពាក់ព័ន្ធនឹងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនឹងចូលទៅគ្រប់គ្រងទីតាំងទាំងនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments