បាត់ដំបង ៖ ជនសង្ស័យមួយសំបុក ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងប៉េអិមប្រចាំស្នាក់ការ ៥០៨ ទិសទន្លេសាប បង្ក្រាបបាន រួមជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។
ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនរួចមក នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងស្នាក់ការ៥០៨ ទិសទន្លេសាបរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ពៅ ទុំ ប្រធានស្នាក់ការសន្តិសុខ ៥០៨ ប្រចាំតំបន់បឹងទន្លេសាប បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ លោកប្រធានស្នាក់ការ សន្តិសុខ ៥០៨ រួមនឹងកម្លាំងរបស់លោកបានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្តែង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះគឺ ៖ ១; ឈ្មោះ ចៅ ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ។ ២-ឈ្មោះ ប៉ូ ហ៊ួយ ភេទស្រី អាយុ៥៤ឆ្នាំ ៣-ឈ្មោះ ផល ថា ភេទប្រុស អាយុ៥៨ឆ្នាំ។ ៤-ឈ្មោះ ថា សំ ភេទស្រី អាយុ២០ឆ្នាំ។ ៥-ឈ្មោះ ថា សល់ ភេទប្រុស អាយុ១៧ឆ្នាំ និង ៦-ឈ្មោះ មាន សុភក្រ័ ភេទប្រុស អាយុ៣៩ឆ្នាំ ទាំង៦នាក់ រស់នៅភូមិ/ឃុំ ខាងលើ និងមានមុខរបរនេសាទ។
ក្នុងការឃាត់ខ្លួនមុខសញ្ញាដែលតែងធ្វើសកម្មភាពចែកចាយយ៉ាងសកម្មនៅក្នុងតំបន់បឹងទន្លេសាបនេះដែរ កម្លាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣០កញ្ចប់ ស្មើនឹងទម្ងន់ 6,52 ក្រាម ទូរស័ព្ទដៃ១គ្រឿង លុយដុល្លារ១៥៥ដុល្លារ និង លុយខ្មែរ ចំនួន៨១ម៉ឺនរៀល ដោយបច្ចុប្បន្នកំពុងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments