នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May នឹងសរសេរផែនការមួយទៅប្រធានសហភាពអឺរ៉ុបលោក Donald Tusk សម្រាប់ការពន្យារពេល Brexit ឲ្យលើសថ្ងៃទី២៩ខែមីនាដោយបានទទួលស្គាល់ថា ការជាប់គាំងរបស់សភាបានឈានដល់កម្រិតវិបត្តិហើយ។ នេះបើតាមការឲ្យដឹងនៅថ្ងៃអង្គារពីអ្នកនាំពាក្យរបស់លោកស្រី។
លិខិតនេះនឹងត្រូវបានផ្ញើមុនពេលលោកស្រី May ឆ្ពោះដំណើរទៅកាន់កិច្ចប្រជុំកំពូលទីក្រុងប្រ៊ូសសែលនៅថ្ងៃព្រហស្បតិ៍ដែលនៅទីនោះលោកស្រីបានសន្យារួចទៅហើយថានឹងស្វែងរកអ្វីដែលអាចជាការពន្យារពេលដ៏យូរនៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។
លោកស្រី May មានសង្ឃឹមថានឹងបញ្ចុះបញ្ចូលសមាជិកសភាឲ្យគាំទ្រកិច្ចព្រមព្រៀងលែងលះដែលលោកស្រីបានសម្រេចជាមួយសហភាពអឺរ៉ុបប៉ុន្តែផែនការរបស់លោកស្រីក្នុងការរៀបចំការបោះឆ្នោតថ្មីមួយត្រូវបានរារាំងយ៉ាងខ្លាំងដោយប្រធានសភា។
ឥឡូវនេះ មេដឹកនាំអ៊ឺរ៉ុបកំពុងទាមទារឲ្យទីក្រុងឡុងដ៍ប្រាប់ពួកគេឲ្យបានច្បាស់អំពីអ្វីដែលខ្លួនចង់បានដោយព្រមានថា ហានិភ័យនៅតែមានដែលថា ចក្រភពអង់គ្លេសអាចនឹងខ្ទាតចេញពីប្លុកនេះក្នុងរយៈពេល១០ថ្ងៃដោយគ្មានការរៀបចំជាផ្លូវការដោយបញ្ចប់ភាពជាសមាជិកភាពរបស់ខ្លួនរយៈពេល៤៦ឆ្នាំ។
លោក Michel Barnier ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារថា ការពង្រីកណាមួយនៃកិច្ចចរចារ Brexit នឹងធ្វើឲ្យខាតបង់ផ្នែកនយោបាយនិងសេដ្ឋកិច្ចសម្រាប់ប្រទេស EU ចំនួន២៧ដែលនៅសេសសល់។
អ្នកនាំពាក្យលោកស្រី May បាននិយាយថា លិខិតរបស់របស់លោកស្រី May ទៅលោក Tusk នឹងធ្វើឡើងនៅថ្ងៃពុធខណៈរបាយការណ៍បាននិយាយពីការស្វែងរកការពន្យារពេល១២ខែ។
ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅទីក្រុង Prague លោក Nick Archer បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងឡុងដ៍ក៏មានការព្រួយបារម្ភផងដែរចំពោះការពន្យារពេលដ៏យូរនៃការបោះឆ្នោតសភាអឺរ៉ុបដែលនឹងត្រូវធ្វើឡើងនៅទូទាំងប្លុកនេះក្នុងខែឧសភា៕ AFP
Source: Kampuchea Thmey Daily
0 Comments