ព្រៃវែង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ក្បែរគល់ស្ពានហ្សឹបាសា (ហៅស្ពានអ្នកលឿង )ដែលស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩មីនា សង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១០និង១៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានបុរសម្នាក់ដេកស្លាប់នៅលើថ្នល់ក្បែរគល់ស្ពានអ្នកលឿង ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដេកស្លាប់តែម្នាក់ឯង ដោយរាងកាយប្រឡាក់សុទ្ធតែឈាម នៅត្រង់ក្បាលមានស្នាមដាច់ និងបែកជាច្រើនកន្លែង ហើយនៅក្បែរសព មានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប ១AA- ៨៨០១ ផ្នែកខាងមុខ នៃម៉ូតូខូចខាតស្ទើរទាំងស្រុង ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះទំនងជាស្រវឹងស្រា ហើយបើកម៉ូតូទៅបុកអ្វីមួយ ទើបបណ្តាលឲ្យដួលបោកក្បាលស្លាប់បែបនេះ។
ទោះជាយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០មីនានេះ សមត្ថកិច្ចបានដឹកយកសពជនរងគ្រោះទៅរក្សាទុក នៅក្នុងវត្តឧត្តមខេមរារាម ក្បែរផ្សារអ្នកលឿងសិន រង់ចាំសាច់ញាតិទៅទទួលយកសពទៅធ្វើបុណ្យ ចំណែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ក) ដូច្នេះបើក្រុមគ្រួសារ នៃសពបានដឹងហើយ សូមមកទទួលម៉ូតូ និងសព ទៅធ្វើបុណ្យតាមប្រពៃណីផង៕
Source: Kampuchea Thmey Daily
0 Comments