ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនមួយដែលវាយប្រហារលើប្រទេសម៉ូហ្សំប៊ិកនិងហ្ស៊ីមបាវ៉េបានកើនឡើងដល់ជាង៣០០នាក់កាលពីថ្ងៃអង្គារ ខណៈអ្នកជួយសង្គ្រោះបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីជួយអ្នកនៅរស់ហើយអង្គការសហប្រជាជាតិបានដឹកនាំការផ្តល់ជំនួយ។
ប្រធានាធិបតីម៉ូហ្សំប៊ិកលោក Filipe Nyusi បានប្រកាសថា “យើងមានអ្នកស្លាប់ជាង២០០នាក់រួចទៅហើយនិងមនុស្សជិត៣៥០,០០០នាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់” ខណៈពេលដែលរដ្ឋាភិបាលហ្ស៊ីមបាវ៉េនិយាយថា មនុស្សប្រហែល១០០នាក់បានស្លាប់ប៉ុន្តែចំនួនអ្នកស្លាប់អាចកើនឡើងលើសនេះបីដងឯណោះ។
ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិបាននិយាយថា ព្យុះដ៏អាក្រក់បំផុតមួយដែលបានវាយលុកទ្វីបអាហ្វ្រិកភាគខាងត្បូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏បានបណ្ដាលឲ្យមានវិបត្ដិមនុស្សធម៌មួយនៅក្នុងប្រទេសម៉ាឡាវីផងដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សជិតមួយលាននាក់និងបង្ខំឲ្យមនុស្សជាង៨០,០០០នាក់ចាកចេញពីផ្ទះរបស់ពួកគេ។
បួនថ្ងៃបន្ទាប់ពីព្យុះស៊ីក្លូន Idai បង្កឲ្យមានការបាក់ដី, ក្រុមការងារសង្គ្រោះបន្ទាន់នៅកណ្តាលប្រទេសម៉ូសំប៊ិកបានដាក់ពង្រាយតាមទូកនិងឧទ្ធម្ភាគចក្រដើម្បីព្យាយាមជួយសង្គ្រោះអ្នកនៅរស់ពីលើដំបូលផ្ទះនិងចុងឈើនៅក្នុងតំបន់ទឹកជំនន់។
កងទ័ពអាកាសមកពីប្រទេសម៉ូសំប៊ិកនិងអាហ្វ្រិកខាងត្បូងត្រូវបានបម្រុងទុកសម្រាប់បេសកកម្មជួយសង្គ្រោះខណៈអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Rescue South Africa បាននិយាយថា ខ្លួនបានជួយមនុស្សចំនួន៣៤នាក់ចាប់តាំងពីយប់ថ្ងៃសុក្រមកដោយប្រើឧទ្ធម្ភាគចក្រ៣គ្រឿង។
លោក Abrie Senekal នៃអង្គការ Rescue SA បានប្រាប់ AFP ថា “វាគឺជាមធ្យោបាយតែមួយគត់ដើម្បីចូលដល់មនុស្សដែលជាប់គាំង”។អង្គការនេះកំពុងព្យាយាមជួលឧទ្ធម្ភាគចក្របន្ថែមទៀត។
ទីក្រុង Beira ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសម៉ូសំប៊ិកនិងកំពង់ផែដ៏សំខាន់មួយត្រូវបានកាត់ផ្តាច់ភ្លាមៗបន្ទាប់ពីព្យុះនេះ។ យោងតាមកាកបាទក្រហមបានឲ្យដឹងថា ព្យុះស៊ីក្លូននេះបានបំផ្លាញឬបង្កការខូចខាត៩០ភាគរយដល់ទីក្រុងដែលមានប្រជាជនកន្លះលាននាក់មួយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments