បាត់ដំបង ៖ ក្រុមគ្រួសារ យំសោកបោកប្រាណ នៅពេលដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់មួយប៉ប្រិចភ្នែក ទើបតែនៅវ័យក្មេងខ្ចី កំពុងតែសិក្សា ខណៈដែលបានលង់ទឹកស្រះស្លាប់ ដោយមិនដឹងអំពីមូលហេតុទាល់តែសោះ ធ្វើឲ្យក្រុមគ្រួសារមិនអស់ចិត្តក្នុងហេតុការណ៍នេះ។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះមានការភ្ញាក់ផ្អើល កាលពីរសៀលម៉ោង០២និង៤៥នាទី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះធំ១កន្លែង ចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជាង១ពាន់ម៉ែត្រ ស្ថិតក្នុងភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង។
សេចក្ដីរាយការណ៍ឲ្យដឹងបន្តថា ជនរងគ្រោះមាន ឈ្មោះ ថេត សាន់ដេ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅក្រុមទី១៧ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជាទីកន្លែងកើតហេតុផងដែរ ហើយជនរងគ្រោះជាសិស្ស។
នៅក្នុងហេតុការណ៍នេះ លោក សួន ឆៀត អធិការរងក្រុងបាត់ដំបងបានឲ្យដឹងដែរថា ករណីក្មេងប្រុសដែលបានលង់ទឹកស្លាប់នេះ គឺបានកើតឡើង២ថ្ងៃហើយ ព្រោះឪពុកម្ដាយទើបតែប្រាប់ថា ជនរងគ្រោះបាត់ពីផ្ទះរយៈពេល២ថ្ងៃហើយ តែឪពុកម្ដាយមិនបានប្តឹងសមត្ថកិច្ចនោះទេ លុះដល់រសៀលម៉ោង និងថ្ងៃកើតហេតុខាងលើ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកតែម្តង។
លោកអធិការរងបន្តថា តាមការពិនិត្យសាកសពពុំមានចំណុចណាមួយគួរឲ្យសង្ស័យទៅលើករណីឃាតកម្មពីមនុស្សផ្សេងនោះទេ ដូច្នេះការសន្និដ្ឋានរបស់ក្រុមជំនាញសមត្ថកិច្ច គឺជនរងគ្រោះចុះងូតទឹកខ្លួនឯង ហើយស្មានតែទឹកស្រះនោះរាក់ ទើបសាកល្បងហែល ដោយជនរងគ្រោះមិនចេះហែលទឹកផងនោះ ក៏លង់តែម្តង ស្របពេលដែលទៅងូតទឹកតែម្នាក់ឯងផង ទើបគ្មានអ្នកជួយទាន់ពេល។
លោកបន្តថា ការសន្និដ្ឋានពីសមត្ថកិច្ចបែបនេះ ដោយយោងទៅលើចំណុច១ទៀតនោះ គឺជនរងគ្រោះមុន នឹងចុះងូតទឹក បានដោះខោអាវរបស់ខ្លួនទុកដាក់បានល្អទើបចុះទៅអង្គុយងូតនៅនឹងជណ្ដើរ។ ក្រោយមក ជនរងគ្រោះ ទំនងចង់ហែលលេង ក៏យកជើងធាក់ជណ្ដើររុញខ្លួនទៅមុខដើម្បីហែលលេង ដោយស្មានតែទឹកនោះរាក់ផង ក៏លង់តែម្តង ព្រោះទឹកស្រះនោះមានជម្រៅប្រហែលជាជិត៣ម៉ែត្រឯណោះ។
ក្រោយពីក្រុមគ្រួសារសពបានដឹងអំពីមូលហេតុ នៃការស្លាប់របស់កូនពីសមត្ថកិច្ច ទើបពួកគាត់ស្ងប់អារម្មណ៍ពីមន្ទិលសង្ស័យផ្សេងៗ ហើយបច្ចុប្បន្ន ក៏ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments