កាលពីថ្ងៃអង្គារ ប្រទេសចិនបានគាំទ្រប្រទេសប៉ាគីស្ថានដោយលើកសរសើរអំពីវិធានការប្រឆាំងភេរវកម្មថ្មីរបស់ខ្លួនស្របពេលដែលរដ្ឋាភិបាលក្រុងឥស្លាម៉ាបាដកំពុងប្រឈមមុខនឹងការរិះគន់ចំពោះការផ្តល់ទីជម្រកដល់ពួកសកម្មប្រយុទ្ធ។
ការវាយប្រហារមួយនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាកាលពីខែមុនបានសម្លាប់មន្ត្រីសន្តិសុខឥណ្ឌាចំនួយ៤០នាក់ហើយត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយសមភាគីប៉ាគីស្ថានរបស់លោកថា ប្រទេសចិនសូមសរសើរវិធានការប្រឆាំងភេវរកម្មដ៏ខ្លាំងក្លានាពេលថ្មីៗនេះរបស់ប៉ាគីស្ថាននៅក្នុងប្រទេស។
លោក Wang បាននិយាយថា "យើងគាំទ្រយ៉ាងពេញទំហឹងដល់ប៉ាគីស្ថានក្នុងការធ្វើយុទ្ធនាការប្រឆាំងអំពើភេរវកម្ម" ។
ចាប់តាំងពីថ្ងៃទី៥ខែមីនាមក អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួនសកម្មជនឥស្លាមសង្ស័យរាប់រយនាក់និងបានបិទវិទ្យាស្ថាន វិហារអ៊ីស្លាមនិងគ្លីនិកជាង៧០០ដែលពាក់ព័ន្ធនឹងក្រុមហាមឃាត់។
ទីក្រុងឥស្លាម៉ាបាដបានស្ថិតក្រោមសម្ពាធដើម្បីបង្ហាញថា ខ្លួនមានភាពស្មោះត្រង់អំពីការលុបបំបាត់ការបះបោរប៉ុន្តែការបង្ក្រាបមិនទាន់បានបញ្ចុះបញ្ចូលឱ្យសហគមន៍អន្តរជាតិជឿជាក់ទេ។
លោក Wang បាននិយាយនៅពេលដែលលោកឈរក្បែររដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi ថា “យើងក៏សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិទទួលយកទស្សនៈសមស្របមួយចំពោះការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ”។
ក្រុងញូវដែលីបានចោទប្រកាន់ក្រុងឥស្លាម៉ាបាដជាយូរមកហើយសម្រាប់ការផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលខ្លួននិយាយថា ត្រូវបានប្រើប្រាស់ដោយភ្នាក់ងារចារកម្មប៉ាគីស្ថានដើម្បីបើកការវាយប្រហារលើប្រទេសឥណ្ឌា៕AFP
Source: Kampuchea Thmey Daily
0 Comments