Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ទទួល​ជួប​គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​ចុះ​ពិនិត្យ​ការអនុវត្ត​នូវ​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅនឹង​ការបំពេញ​ឲ្យ​លក្ខខណ្ឌ EBA



​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​០៣និង​០៥​នាទី​រសៀល ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទួល​ជួប​គណៈប្រតិភូ​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ក្របខណ្ឌ នៃ​ការត្រួត​ពិនិត្យមើល​ឡើងវិញ អំពី​ការអនុវត្ត​នូវ​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅនឹង​ការ​បំពេញ​ឲ្យ​លក្ខខណ្ឌ EBA ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​ក្រសួងការបរទេស​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ ធ្លាប់បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ យើង​នៅតែ​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បានល្អ ហើយ EBA នេះ គង់តែ​នឹង​បាត់​ដោយ​ស្វ័យប្រវត្ត នៅ​ពេល​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេសមួយ ដែលមាន​ចំណូល​ខ​ពស់​។ ទោះយ៉ាងណា​លោក​អះអាង​ថា ជំហរ​ទីមួយ​របស់​កម្ពុជា គឺ​មិន​ដោះដូរ មិន​លក់​អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិតក្នុង​តម្លៃ​ណា​ក៏ដោយ​។ យើង​អរគុណ​ចំពោះ​របប​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច ហើយ​ក្នុងនោះ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ងារ​ធ្វើ​ច្រើន​ផងដែរ ពី​ព្រោះ​គ្រាន់តែ​អ្នកធ្វើការ​នៅក្នុង​វិស័យ​ស្បែក​ជើងមាន​ប្រមាណ​៨​សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី។​

​បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្វី​ដែលជា​បញ្ហា​នោះ គឺ​តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មានតម្លៃ​អ្វី ប្រសិនបើ​យើង​បាត់បង់​ឯករាជ្យភាព របស់​ប្រទេស ពីព្រោះ​លក្ខខណ្ឌ​ផ្សារភ្ជាប់​ជាមួយ EBA នេះ មាន​លក្ខខណ្ឌ​ការងារ ហើយ​ក៏មាន​លក្ខខណ្ឌ​អធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ផង​ដែរ ដូច្នេះ​មានន័យថា ការចាត់ការ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន សហភាព​អឺរ៉ុប​មិន​ទទួលយក គឺ​គាត់​មិន​ទទួលយក​ការអនុវត្ត​ច្បាប់​នៅក្នុង​ស្រុក​របស់​យើង​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាង​ថា “​បើ​យើង​មិនអាច​អនុវត្ត​ច្បាប់​ស្រុក​យើង​បាន តើ​យើង​ធ្វើ​អ្វី​ទៀត ហើយ​ច្បាប់​មួយចំនួន​របស់​កម្ពុជា សហភាព​អឺរ៉ុប​អ្នក​ជួយ​ឲ្យ​យោបល់ និង​តាក់តែង​ថែមទៀត។ ការអនុវត្ត​ច្បាប់ ការការពារ​អធិបតេយ្យភាព ការ​ការពារ​សន្តិភាព ពង្រឹង​ការ​ឯកភាព​ជាតិ ក្នុងឋានៈ​ជា​រដ្ឋាភិបាល ដែល​ទទួលខុសត្រូវ​មួយ ហើយ​បើ​ធ្វើ​អ្វី​តាម​គេ​ប្រាប់​រហូត​នោះ គឺ​បាត់បង់​អធិបតេយ្យភាព ហើយ​វា​មាន​អធិបតេយ្យ​មកពីណា វា​ទៅជា​ខ្ញុំគេ​ហើយ​។ ឆ្នាំ​១៩៧០ គឺជា​មេរៀន​សម្រាប់​កម្ពុជា​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu