ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការយោធភូមិភាគពិសេស មេបញ្ជាការរង និងនាយសេនាធិការ យោធភូមិភាគពិសេសនៅទីបញ្ជាការយោធភូមិភាគពិសេស រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៩ ខែមិនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកចូលរួម លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរក្នុងឱកាសវិសេសវិសាលនេះ និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគពិសេស។
សូមធ្វើការកោតសរសើរយ៉ាងស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែង នៃការកសាងនៅក្នុងអង្គភាពកន្លងទៅតាំងពីការលំបាក និងការដោះស្រាយបញ្ហាផ្សេងៗ គឺយើងតែងតែខិតខំច្នៃប្រឌិតបំពេញភារកិច្ចបានគ្រប់វិស័យទាំងការកសាងជុំរុំជម្រក ការហ្វឹកហ្វឺនក៏ដូចជាការទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរជាមួយអង្គភាពផ្សេងទៀត បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ ជាការឆ្លើយតបចំពោះគុណូបការៈ គុណបំណាច់ និងស្នាដៃរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន នាពេលកន្លងមកដែលជាទំនុកចិត្តសម្រាប់ប្រមុខថ្នាក់ដឹកនាំលោកបានតម្លើងឋានន្តរសក្ដិនេះ គឺជាការសមស្របបំផុត ជាការទទួលស្គាល់ និងជាការលើកទឹកចិត្ត ចំពោះបុព្វហេតុជាតិមាតុភូមិ ក្នុងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យោធភូមិភាគពិសេសគឺជាភូមិភាគមួយ បើប្រៀបធៀបជាមួយយោធភូមិភាគផ្សេងទៀត គឺមានការងារច្រើនជាងគេនៅក្នុងដំណាក់កាលសន្តិភាព គឺដើរតួនាទីពិសេសក្នុងថែរក្សាសេចក្តីសុខប្រជាពលរដ្ឋ សុវត្ថិភាពសម្រាប់ប្រមុខថ្នាក់ដឹកនាំ។ ការការពារប្រទេសជាតិ គឺមិនចាំបាច់តែច្បាំងនៅលើសមរភូមិនោះទេ ការការពារសុខសន្តិភាព ស្ថិរភាពរបស់ថ្នាក់ដឹកនាំ គឺជាការងារសំខាន់។ ក្រៅពីនេះ ភូមិភាគក៏បានដើរតួនាទីសំខាន់នៅក្នុងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសផ្សេងៗ និងជាមួយភាគីមិត្តនៅតាមតំបន់ព្រំដែន។ ការសម្រេចបានលទ្ធផលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងអំពីការដឹកនាំ សមត្ថភាព ឆន្ទៈ និងការច្នៃប្រឌិតនៅក្នុងការដឹកនាំ ការកៀរគរកម្លាំងឲ្យបានគ្រប់គ្រាន់នៅក្នុងការបំពេញបេសកកម្ម ទោះបីជាក្នុងកាលៈទេសៈលំបាក និងកាលៈទេសៈស្មុគស្មាញ ពេលខ្លះកើតមានឡើងទាំងការងារនយោបាយ និងទាំងការងារយោធា។ សូមកោតសរសើរចំពោះការងារដែលភូមិភាគពិសេសដែលសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្ដមមេបញ្ជាការ និងនាយទាហានទាំងអស់។
លោកបន្តថា បច្ចុប្បន្ននេះ ពិនិត្យឃើញថា យោធភូមិភាគពិសេស រួមទាំងបណ្តាអង្គភាពចំណុះ កាន់តែត្រូវបានពង្រឹង និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ និងការងារជំនាញ ជាពិសេសការងារកសាងអង្គភាព, ការសហការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការសហការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ, ការលើកកម្ពស់ជីវភាព និងថែរក្សាសុខុមាលភាពរបស់កងទ័ព ក្នុងនោះក៏រួមមានការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ។
លោកពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានទាំងនេះ ជាពិសេសវាបានឆ្លុះ បញ្ចាំងឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្ដេជ្ញាចិត្ត ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ។
តាមលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ការតម្លើងឋានន្តរសក្ដិ ការតែងតាំងមុខងារ ការប្រគល់ភារកិច្ចដែលកំពុងធ្វើឡើងនៅថ្ងៃនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសការវាយតម្លៃទៅលើ ឆន្ទៈ សមត្ថភាព ចំណេះដឹង បទពិសោធន៍ ការតស៊ូ អំណត់ព្យាយាម និងឥរិយាបថទទួលខុសត្រូវចំពោះការងាររបស់សាមីខ្លួន។
ការប្រគល់ភារកិច្ចនេះ យើងក៏គិតទៅដល់និរន្តរភាពផងដែរ ហើយសំខាន់បំផុតនោះ គឺការតែងតាំងប្រកបដោយប្រសិទ្ធភាពតម្លាភាព និងនិងការឯកភាពផ្ទៃក្នុង។ ការតែងតាំង ការទទួលបាននូវមុខងារនេះ មិនមែនជាការផ្ទេរសិទ្ធិ ឬ ផ្ទេរអំណាចនោះទេ ប៉ុន្តែវាជាការផ្ទេរនូវការទទួលខុសត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីឲ្យមានសិទ្ធិ មានអំណាចនៅក្នុងការធ្វើការដឹកនាំ ហើយការទទួលខុសត្រូវ គឺត្រូវតែខ្ពស់ដាច់ខាតដើម្បីធានានូវប្រសិទ្ធភាពការងារជូនកងទ័ពទាំងអស់។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកឱកាសដ៏វិសេសវិសាលនេះ ដើម្បីចូលរួមអបអរសាទរចំពោះ ឯកឧត្តម ព្រហ្ម ឌិន អតីតមេបញ្ជាការយោធភូមិភាគពិសេស ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំឡើងឋានន្តរសក្ដិជានាយឧត្ដមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ជាមួយគ្នានេះផងដែរ លោកក៏បានចូលរួមអបអរសាទរចំពោះឧត្ដមសេនីយ៍ទោ ពូ សាប៊ុតឌី ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ចំពោះការតែងតាំងមុខងារជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងឧត្ដមសេនីយ៍ទោ ប៉ូ វណ្ណៈ ក្នុងមុខងារជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស៕
Source: Kampuchea Thmey Daily
0 Comments