ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្តិច បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសមេភេរវកម្ម ឈ្មោះ សោម ឯក ដោយបន្ថែមទណ្ឌកម្មទោស២ឆ្នាំទៀត លើបទល្មើសលួចរត់ចេញពីពន្ធនាគារ។
ទណ្ឌិត សោម ឯក ដែលតុលាការចោទថា ជាមេខ្លោង នៃ ចលនាភេរវកម្មក្បាលខ្លា ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនមកវិញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោយពេលលួចរត់បានសម្រេចចេញពីពន្ធនាគារ។
លោក សោម ឯកបាន លួចរត់ពីការជាប់ពន្ធនាគារកាលពីយប់ថ្ងៃទី៨តុលា ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែត្រូវចាប់ខ្លួនវិញនៅ ថ្ងៃទី២៦តុលា នៅខេត្តសៀមរាប។
ទណ្ឌិត សោម ឯក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ខែកញ្ញា ឆ្នាំ២០១០ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ ពីបទ បង្កៃគ្រឿងផ្ទុះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម៕
Source: Kampuchea Thmey Daily
0 Comments