បាត់ដំបង ៖ ជនសង្ស័យចំនួន៧នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀន និងសុទ្ធសឹងជាក្រុមយុវវ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបាត់ដំបង ធ្វើការក្រសោបបានទាំងសំបុក រួមជាមួយនឹងថ្នាំញៀនមួយចំនួនផងដែរ ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។
យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុច (បន្ទប់ជួល) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំង បានចុះធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់ បាន១ករណី ព្រមទាំងបាន ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ១.ឈ្មោះ មអន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី២៨ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ។ ២.ឈ្មោះ រី ស៊ីណេត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិអូរវែង ឃុំគារ ស្រុកមោងឫស្សី។ ៣.ឈ្មោះ ឃុន ប៊ុនរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ។ ៤.ឈ្មោះ យ៉ែម បូធិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច។ ៥.ឈ្មោះ ព្រំ សុផាតតាណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់។
៦.ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ។ និង ៧.ឈ្មោះ តាក់ ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ។
វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៤០គ្រាប់ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ១ កញ្ចប់ ទម្ងន់០,៧០ក្រាម កាបិតសាំម៉ូរ៉ៃ ចំនួន៣ដើម ម៉ូតូ២គ្រឿង ទូរស័ព្ទ៣គ្រឿង និង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនថែមទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ ក្នុងការចាត់វិធានការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments