អ្នកប្រដាល់ថៃ២រូប នឹងឆ្លងដែនមកប្រកួតជាមួយអ្នកប្រដាល់ខ្មែរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ នៅលើសង្វៀនប្រដាល់SEA-TV។
នី សុភី អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ក្លិបសាលវ័ន្តកីឡា និងធន អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដើម្បីតទល់ជាមួយអ្នកប្រដាល់ថៃ២នាក់ដែលឆ្លងដែនមកនោះ។
អ្នកប្រដាល់ថៃ ដែលមកជួបប្រកួតជាមួយនី សុភី ជាជើងខ្លាំងថៃ ដែលជាម្ចាស់ខ្សែក្រវាត់ដល់ទៅ៣ឯណោះ គឺផុង សិរិ (Phong Seri)ដែលគេនឹងមកបង្ហាញខ្លួនម្តងទៀត ជាមួយ នី សុភី ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩គ.ក្រ។
តាមលោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួត បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ផុង សិរិ អ្នកប្រដាល់ថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងហើយ ដោយត្រូវបឺត ខាំ វាយឲ្យចេញបាយក្នុងទឹកទី៤ កាលពីប៉ុន្មានឆ្នាំមុននៅលើសង្វៀនSEATVនេះ។
លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតនោះ បាននិយាយឲ្យដឹងដែរថា ផុងសិរិ នេះវាយខ្លាំង។ សម្រាប់ផុង សិរិ នេះ គេធ្លាប់ប្រកួតបាន១៣៦ដង ក្នុងនោះវាយឈ្នះបាន១១០ដង ចាញ់២១ដង ស្មើ០៥ដង។
នី សុភី បើប្រៀបជាមួយប្រវត្តិប្រកួតជាមួយផុង សិរិ នេះ គេប្រកួតច្រើនជាង។ សុភី គេមានប្រវត្តិប្រកួតចំនួន១៥៨លើកឯណោះ ក្នុងនោះឈ្នះ១២០លើក ចាញ់២៨លើក ស្មើ១០លើក និងផ្ដួលគូប្រកួតឲ្យសន្លប់លើសង្វៀនច្រើននាក់ណាស់។
សុភី ជាអ្នកប្រដាល់ដែលខ្លាំងជាងគេក្នុងទម្ងន់៦៩គីឡូក្រាមនៅកម្ពុជាសព្វថ្ងៃនេះ។ គេមានចិត្តប្រដាល់ធំ ហ៊ានវាយប្ដូរជាមួយគូប្រកួតដោយមិនញញើតនោះឡើយ ដើម្បីប្តូរយកជ័យជម្នះនៅពេលដែលស្ថានភាពប្រកួតរបស់គេមានសភាពចាញ់ប្រៀបគូប្រកួត គឺគេប្តូរហើយ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នាលើកនេះ ក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុកនៅតែរំពឹងថា ផុង សិរិ ទំនងជាមិនអាចឈ្នះនី សុភី នោះឡើយ ព្រោះនី សុភី ពេលនេះមានកម្លាំងកាយសម្បទារឹងមាំ មិនដូចពីមុននោះឡើយ ហើយគេខ្ពស់ជាងផុង សិរិ ថែមទៀត។
ដូច្នេះ ចាំមើលជួបប្រកួតជាមួយផុង សិរិ អ្នកប្រដាល់ថៃជើងខ្លាំងលើកនេះ នី សុភី អាចយកឈ្នះបានឬអត់?។
ចំពោះ ធន អៀងឡៃ អ្នកប្រដាល់ស្រករក្រោយ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ គេត្រូវជួបជាមួយអ្នកប្រដាល់ថៃចំណូលថ្មីឈ្មោះម៉ាធី( Mathy) ក្នុងទម្ងន់៥៤គីឡូក្រាម។
ម៉ាធី នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរបីលើកហើយកន្លងមក ដោយវាយឈ្នះទាំងបីលើក។ នេះជាលើកទី៤ សម្រាប់រូបគេដែលមកជួប ធន អៀងឡៃ អ្នកប្រដាល់កម្ពុជានៅលើទឹកដីកម្ពុជានោះ។
តាមលោកថៃ អ៊ូ អ្នកដឹកនាំកីឡាករនិងជាផ្គូផ្គង អោយដឹងនោះថា ម៉ាធី មកលើកទី១ វាយឈ្នះម៉ន វិរៈ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក លើកទី២ គេវាយឈ្នះអាំង សំអាត អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យក្នុងទឹកទី២ និងលើកទី៣ ឈ្នះសិស្សលោកឡុង សាលវ័ន្ត(ភ្លេចឈ្មោះ)។
ម៉ាធីនេះ នៅស្រុកថៃ គេជាជើងឯករងខ្សែក្រវាត់នៅក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នេះ ហើយគេមានកំណត់ត្រាប្រកួតចំនួន៦៩លើក ឈ្នះ៥៩លើក ចាញ់០៧លើក និង ស្មើ០៣លើក។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថាអាចឈ្នះ ធន អៀងឡៃ នោះឡើយ។ ធន អៀងឡៃ ក៏ជាជើងឯករងខ្សែក្រវាត់ដែរ។ គេជាជើងខ្លាំងស្រករក្រោយរបស់កម្ពុជានេះ មិនធ្លាប់ដែលជួបប្រកួតជាមួយថៃបានម្តងណានៅឡើយទេកន្លងមក។
អៀងឡៃ គេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អ ព្រមទាំងមានកាយសម្បទាកម្លាំងរឹងមាំថែមទៀត។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា ធន អៀងឡៃ ជួបសំណាងល្អនៅក្នុងការប្រកួតជាអ្នកប្រដាល់ថៃ ម៉ា ធី នេះឡើយ ? ។ អៀងឡៃ គេមានប្រវត្តិប្រកួតតិចតួចទេ តែគេល្អ និងខ្លាំង។ ចាំមើលរវាងធន អៀងឡៃ និង ម៉ា ធី តើនរណាជាអ្នកឈ្នះក្នុងការជួបប្រកួតគ្នាលើកដំបូងនេះ?៕
Source: Kampuchea Thmey Daily
0 Comments