កំពង់ចាម ៖ អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធបានកើតឡើង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្តាលឲ្យភាគីសងខាងរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុង ល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម របួស៤កន្លែង របួសលើចិញ្ចើម១កន្លែង របួសទ្រូង១កន្លែង ជម្រៅចូលដល់ក្នុង របួស ក១កន្លែង របួសត្រគាកខាងស្ដាំ០១កន្លែង។ រីឯជនសង្ស័យ ឈ្មោះ ឡូត សុលាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុ មានរបួស ម្រាមចង្អុលដៃ១កន្លែង ត្រូវឃាត់ខ្លួន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាបងថ្លៃប្អូនថ្លៃជីដូនមួយនឹងគ្នា បានមកពីផឹកស៊ីជាមួយគ្នាពីខាងក្រៅ ហើយក៏នាំគ្នាមកផ្ទះរបស់ជនរងគ្រោះ។ នៅពេលមកដល់ផ្ទះហើយ អ្នកទាំងពីរ ក៏នាំគ្នាទិញស្រា ដើម្បីផឹកបន្តទៀត តែមិនទាន់បានផឹកស្រាផង ក៏មានទំនាស់ពាក្យសំដីគ្នា ភ្លាមនោះ ជនសង្ស័យបានបោកចាន និងកែវ ហើយជនរងគ្រោះ បានយកកាំបិតកាប់ទៅលើជនសង្ស័យ បណ្តាលឲ្យរបួសម្រាមដៃ១កន្លែង។ បន្ទាប់មក ជនសង្ស័យបានយកកាំបិតផ្សេងទៀតកាប់ទៅលើជនរងគ្រោះរបួសចំនួន០៤កន្លែង។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនរងគ្រោះ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ហើយបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕
Source: Kampuchea Thmey Daily
0 Comments