ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបបេសកជនរបស់សហភាពអឺរ៉ុប ដែលបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌ នៃការត្រួតពិនិត្យមើលឡើងវិញ អំពីការអនុវត្តនូវកិច្ចការទាំងឡាយ ទាក់ទងទៅនឹងការបំពេញឲ្យលក្ខខណ្ឌ EBA ដែលជំនួបនេះធ្វើឡើងនៅក្រសួងមហាផ្ទៃ។
ប្រមុខការទូតកម្ពុជាធ្លាប់បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ យើងនៅតែប្ដេជ្ញាអនុវត្តឲ្យបានល្អ ហើយ EBA នេះ គង់តែនឹងបាត់ដោយស្វ័យប្រវត្ត នៅពេលប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយ ដែលមានចំណូលខ្ពស់។ ទោះយ៉ាងណា លោកអះអាងថា ជំហរទីមួយរបស់កម្ពុជា គឺមិនដោះដូរ មិនលក់អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ យើងអរគុណចំពោះរបបអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច ហើយក្នុងនោះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើច្រើនផងដែរ ពីព្រោះគ្រាន់តែអ្នកធ្វើការនៅក្នុងវិស័យស្បែកជើងមានប្រមាណ៨សែននាក់ ដែលភាគច្រើនជាស្ត្រី។
បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្វីដែលជាបញ្ហានោះ គឺ តើប្រព័ន្ធអនុគ្រោះពន្ធនេះមានតម្លៃអ្វី ប្រសិនបើយើងបាត់បង់ឯករាជ្យភាពរបស់ប្រទេស ពីព្រោះលក្ខខណ្ឌផ្សារភ្ជាប់ជាមួយ EBA នេះ មានលក្ខខណ្ឌការងារ ហើយក៏មានលក្ខខណ្ឌអធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផងដែរ ដូច្នេះមានន័យថា ការចាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន សហភាពអឺរ៉ុប មិនទទួលយក គឺគាត់មិនទទួលយកការអនុវត្តច្បាប់នៅក្នុងស្រុករបស់យើង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “បើយើងមិនអាចអនុវត្តច្បាប់ស្រុកយើងបាន តើយើងធ្វើអ្វីទៀត ហើយច្បាប់មួយចំនួនរបស់កម្ពុជា សហភាពអឺរ៉ុបអ្នកជួយឲ្យយោបល់ និងតាក់តែងថែមទៀត។ ការអនុវត្តច្បាប់ ការការពារអធិបតេយ្យភាព ការការពារសន្តិភាព ពង្រឹងការឯកភាពជាតិ ក្នុងឋានៈជារដ្ឋាភិបាល ដែលទទួលខុសត្រូវមួយ ហើយបើធ្វើអ្វីតាមគេប្រាប់រហូតនោះ គឺបាត់បង់អធិបតេយ្យភាព ហើយវាមានអធិបតេយ្យមកពីណា វាទៅជាខ្ញុំគេហើយ។ ឆ្នាំ១៩៧០ គឺជាមេរៀនសម្រាប់កម្ពុជា”៕
Source: Kampuchea Thmey Daily
0 Comments