ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជាកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានបើកពិព័រណ៍ស្តីពី” សិលាចារឹកសម័យមុនអង្គរៈ សិលាចារឹកដែលមានសញ្ញាលេខសូន្យដំបូងគេ” រួមជាមួយនឹងការសម្ពោធសៀវភៅស្តីពី”ការស្វែងរកលេខសូន្យ”របស់លោកសាស្ត្រាចារ្យ Amir Aczel ដែលបានបង្ហាញសញ្ញាលេខសូន្យនៃសិលាចារឹកK.127របស់កម្ពុជាទៅកាន់ពិភពវិទ្យាសាស្ត្រឲ្យបានដឹងឮឡើងវិញ។
លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរ បានមានប្រសាសន៍ថា ពិព័រណ៍នេះ ជាចំណែកមួយនៃការលើកកម្ពស់ការថែរក្សាសម្បត្តិបេតិកភណ្ឌខ្មែរ និងផ្ដល់ឱកាសជូនសាធារណជន សិក្សាស្វែងយល់អំពីសិលាចារឹកខ្មែរ ក៏ដូចជាពីអារ្យធម៌ខ្មែរ និងជាផ្នែកមួយក្នុងការជំរុញទឹកចិត្តយុវជនខ្មែរជំនាន់ក្រោយ ឲ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យអក្សរសាស្ត្រខ្មែរបុរាណ។ លើសពីនេះ ក៏ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនៃសារៈសំខាន់សិលាចារឹកសម័យមុនអង្គររបស់ខ្មែរ។
លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានអញ្ជើញចូលរួមបើកពិព័រណ៍ស្តីពី” សិលាចារឹកសម័យមុនអង្គរៈ សិលាចារឹកដែលមានសញ្ញាលេខសូន្យដំបូងគេ”សៀវភៅស្វែងរកលេខសូន្យ បានបញ្ជាក់បន្ថែមថា សិលាចារឹកK.127 គេបានរកឃើញនៅសំបូរ ខេត្តក្រចេះ តាមដងទន្លេមេគង្គ គឺបានចារសញ្ញាលេខសូន្យ ជាអក្សរបុរាណក្នុងមហាសករាជ៦០៤ ត្រូវនឹងគ.ស៦៨២(ស.វទី៧ គ.ស) ដែលបុរាណវិទូបារាំង លោក George Coedes បានបកប្រែហើយចុះផ្សាយក្នុងគ.ស ឆ្នាំ១៩៤២។នៅឆ្នាំ២០១៣លោកសាស្ត្រាចារ្យ Amir Aczel បានបង្ហាញសញ្ញាលេខសូន្យនៃសិលាចារឹកK.127 របស់កម្ពុជា ទៅកាន់ពិភពវិទ្យាសាស្ត្រឲ្យបានដឹងឭឡើងវិញ ។លោកAmir Aczel គិតថា សញ្ញាលេខសូន្យខ្មែរនៅលើសិលាចារឹកK.127 គឺជាតួលេខសូន្យចាស់ជាងគេដែលយើងបានដឹងនៅលើពិភពលោក។
លោក រដ្ឋលេខាធិការបានបន្តថា យើងជាខ្មែរពិតជាមានសេចក្តីអំណរសាទរ និងមោទនភាពចំពោះអារ្យធម៌និងកេរមរតក ដែលដូនតាយើងបានចារទុកក្នុងប្រវត្តិសាស្ត្រ។”ខ្ញុំ សង្ឃឹមថា សៀវភៅ”ស្វែងរកលេខសូន្យ” និងសិលាចារឹកK.127 ដែលតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នឹងទាក់ទាញការចាប់អារម្មណ៍ពីអស់លោក អ្នកប្រាជ្ញ នានាពីទីជិតឆ្ងាយក្នុងការសិក្សាស្រាវជ្រាវ៕
Source: Kampuchea Thmey Daily
0 Comments