កំពង់ឆ្នាំង ៖ ពិតជាគួរអោយអនិច្ចា ប្តីប្រពន្ធ រួមទាំងកូនតូចអាយុ១ឆ្នាំ បានស្លាប់ ព្រមគ្នាទាំងគ្រួសារ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនីសាន់បើកបត់បុកម៉ូតូចូលកង់ខាងក្រោយ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៤និង០០ នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ ៤៩ និងលេខ៥០ ស្ថិតក្នុង ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ៖ អ្នកទាំង៣ក្នុង គ្រួសាររងគ្រោះខាងលើនេះ មាន ១ប្តីឈ្មោះ ប៉ុក សារឿន អាយុ ២៧ ឆ្នាំមានទីលំនៅ ភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ជាអ្នកបើកម៉ូតូ ម៉ាកហុងដាសេ125 ពាក់ស្លាកលេខកំពង់ឆ្នាំង ចំណែកស្ត្រីជាប្រពន្ធ ជិះពីក្រោយមាន ឈ្មោះ ច្រិក សម្ផស្ស អាយុ២៥ ឆ្នាំ ដោយឡែកកូនប្រុសអាយុ១ឆ្នាំ ឈ្មោះ ស៊ឹម សុចាន់ ក៏បានស្លាប់ជាមួយឪពុកម្ដាយខាងលើដែរ។
លោកអធិការបានបន្តថា ៖ មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ប្តីប្រពន្ធនិងកូន បានជិះម៉ូតូ ក្នុងដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធំម៉ាកនីសាន់ ពណ៌ក្រហម ឆ្នូតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រចេះ 3 A 0365 បើកបរដោយបុរសឈ្មោះ យឿន សុភាអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ដោយរថយន្តនោះ បានបត់ទៅទិសខាងលិចបណ្ដាលឱ្យបុកជាន់ម៉ូតូជនរងគ្រោះ ចូលកង់ក្រោយស្លាប់ទាំងគ្រួសារ៣នាក់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត ឈ្មោះ យឿន សុភា បានបើករត់គេចចូលទៅលាក់រថយន្តទុកនៅការដ្ឋានរណ្តៅដី ហើយក៏គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចក៏បានតាមរករថយន្តនោះឃើញ និងបានអូសយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះទាំង៣នាក់ប្តី ប្រពន្ធ និងកូនតូច ត្រូវក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យនៅក្នុងមូលដ្ឋានតាមប្រពៃណីក្នុងក្ដីសោកសង្រេងយ៉ាងខ្លាំង។
ករណីគ្រោះថ្នាក់ចរាចរខាងលើ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ៖ អ្នកបើកបររថយន្ត និងម៉ូតូខ្វះការប្រុងប្រយ័ត្នទាំងសងខាង ព្រោះកន្លែងកើតហេតុ ជាការដ្ឋានកំពុងធ្វើផ្លូវ មានស្លាកសញ្ញាជាសំគាល់ អោយប្រុងប្រយ័ត្ននិងបន្ថយល្បឿន៕
Source: Kampuchea Thmey Daily
0 Comments