អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺ ផល សោភ័ណ្ឌ និង ចាន់ ប៊ុនហឿន នឹងត្រូវជួបប្រកួតជាអ្នកប្រដាល់ថៃ នាយប់ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងខ្លាំងកម្ពុជានោះ គឺផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ត្រូវគេផ្គូឲ្យឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះកូលាប ដាំ ប្រាន២៦(Kolabdam Phran26 ) ដោយប្រកួតក្នុងទម្ងន់៦៣,៥០០ គីឡូក្រាម។ អ្នកប្រដាល់ថៃនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក។
ផល សោភ័ណ្ឌ តាមពិតជាមួយកូលាបដាំ ត្រូវផ្គូឲ្យជួបគ្នាតាំងពីថ្ងៃទី០៨មីនាមកម្ល៉េះ ប៉ុន្តែពេលនោះសោភ័ណ្ឌ គេមានបញ្ញាសុខភាព ក៏ផ្អាកការប្រកួតវិញ។
កូលាប ដាំ ប្រាន២៦ គេធ្លាប់មកស្រុកខ្មែរច្រើនលើកហើយកន្លងមក តែមិនដែលប៉ះប្រកួតជាមួយផល សោភ័ណ្ឌទេ។ អ្នកប្រដាល់ថៃនេះ កាលពីបីឆ្នាំមុន គេធ្លាប់ផ្តួលអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាបីរូប ដែលមកលើកទី១ គេបានវាយឈ្នះផាន់ គ្រាន់ ដោយពិន្ទុ(២៤មេសា២០១៦) លើកទី២ បានវាយឈ្នះសេក គឹមរួន អ្នកប្រដាល់ក្លិបអង្គរមានជ័យដោយពិន្ទុ(២៤កក្កដា២០១៦ ) លើកទី៣ថ្ងៃទី០៩តុលា២០១៦ គេបានវាយឈ្នះសូត្រ ប៊ុនធី ជើងខ្លាំងក្លិបបក្សីស្លាបដែកដោយពិន្ទុ ហើយលើកទី៤ថ្មីៗកន្លងទៅនេះ គេបានវាយឈ្នះសេង ស្រឿន ក្លិបមហិទ្ធរិទ្ធមាសរថ្ងកខេត្តស្វាយរៀង ក្នុងទឹកទី៤ និងចុងក្រោយនេះ(០៨មីនា២០១៩) គេបានវាយឈ្នះចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យដោយពិន្ទុ។
អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៩៤លើក ឈ្នះ៧៨លើក ចាញ់១៤លើក និង ស្មើ០២លើក។ ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថា អាចឈ្នះផល សោភ័ណ្ឌនោះឡើយ ព្រោះថាផលសោភ័ណ្ឌនេះ គេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ ហើយវាយមិនប្រណីដៃថែមទៀត។
ផល សោភ័ណ្ឌ គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងកណ្តាប់ដៃ ហើយសោភ័ណ្ឌនៅមានស្នៀតទាត់ល្អខ្លាំងនិងធ្ងន់ថែមទៀត។ ឯ បញ្ហាកម្លាំងស៊ុហ្វវិញ សោភ័ណ្ឌ ក៏រឹងមាំមិនងាយស្រុតខ្សោយនោះដែរ ។ផល សោភ័ណ្ឌ មានប្រវត្តិប្រកួតមិនតិចជាង១០០លើកនោះទេ។ សោភ័ណ្ឌ មានកំណត់ត្រាប្រកួតចំនួន១៣៩លើក ក្នុងនោះ ផល សោភ័ណ្ឌ វាយឈ្នះ១២៣លើកហើយ ដោយចាញ់តែ១៤លើក និងស្មើ០២លើក ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់លើរេញចំនួន៤៥លើក។ ប្រកួតជាមួយថៃលើកចុងក្រោយនេះ សោភ័ណ្ឌ វាយឈ្នះRithiara ដោយពិន្ទុកាលពីថ្ងៃទី២៤កុម្ភៈកន្លងមកនេះ។
ទោះជាយ៉ាងណា ផល សោភ័ណ្ឌ ដែលជួបប្រកួតជាមួយថៃកូលាប ដាំ នេះ គេមិនហ៊ានអះអាងមុនថា សោភ័ណ្ឌ ឈ្នះក្នុងការប្រកួតនេះទេ។ ចាំមើល តើផល សោភ័ណ្ឌ ឈ្នះ ឬមួយក៏កូលាប ដាំ ឈ្នះ សម្រាប់ការជួបគ្នាលើកដំបូងនេះ?។
ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមាន នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃយុគ ផេត ផេតកាសាម(Yokphetch Phetch karsamat ដោយប្រកួតក្នុងទម្ងន់៦១គីឡូក្រាម។
យុគ ផេត ជាអ្នកប្រដាល់ថៃជើងចាស់ ធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយកន្លងមក ក្នុងនោះគេធ្លាប់ប៉ះជាមួយឃុន ឌីម៉ា ២ដង ដោយលើកទី១ វាយស្មើពិន្ទុគ្នានិងលើកទី២ មកសងសឹកនោះ ត្រូវឌីម៉ាវាយឲ្យសន្លប់ក្នុងទឹកទី២ ។
អ្នកប្រដាល់ថៃ យុគ ផេត នេះ ជាជើងខ្លាំងម្នាក់នៅស្រុកថៃ ដែលមានស្នៀតប្រដាល់ល្អ និងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន៧៩លើក ឈ្នះ៦៨លើក និង ចាញ់១១លើក មិនដែលស្មើ ។ នេះបើតាមអ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័នឲ្យដឹងនោះ។
ទោះជាយ៉ាងណា យុគ ផេតលើកនេះ ជួបជាមួយចាន់ប៊ុនហឿន ក៏ប្រហែលជាមិនស្រួលខ្លួនប៉ុន្មានដែរ ព្រោះប៊ុនហឿន គេមានផ្លែល្អ។ និយាយរួម បើតាមកម្រិតសមត្ថភាពរបស់ចាន់ ប៊ុនហឿន អាចចាត់ទុកថា យុគ ផេត ពុំអាចជាឧបសគ្គសម្រាប់ការទទួលជ័យជំនះរបស់គេនោះឡើយ។
ចាន់ ប៊ុនហឿន ក្នុងការប្រកួតចំនួន១០២លើក គេវាយឈ្នះ៨៨លើក ចាញ់១២លើក និងស្មើ០២លើក។ ការប្រកួតចុងក្រោយជាមួយថៃ ប៊ុនហឿនបានវាយឈ្នះអ្នកប្រដាល់ថៃផេត ផូស្រ៊ី (Petchphosri Site Chharngnunuthumporn) កាលពីថ្ងៃទី០១មីនាកន្លងមកនេះ។ តែយ៉ាងណា ចាន់ ប៊ុនហឿន ក៏ត្រូវប្រយ័ត្នដែរ។
អ្នកប្រដាល់ចាន់ ប៊ុនហឿន គេមានកណ្ដាប់ដៃខ្លាំង និងសន្ទុះជើងទាត់ខ្លាំង ហើយក៏មានស្នៀតជង្គង់កែងល្អដែរ។ ដូច្នេះចាំមើល តើនរណាឈ្នះ រវាង ចាន់ ប៊ុនហឿន និងយុគ ផេត នេះ?៕
Source: Kampuchea Thmey Daily
0 Comments