ស្ទឹងត្រែង ៖ អាជ្ញាធរក្រុងស្ទឹងត្រែង បានដាស់តឿនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងភ្ញាក់រឫកស្រឡាញ់ទីក្រុងស្អាត ព្រោះបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងជិតឈានចូលមកដល់ហើយដូចនេះ ត្រូវនាំគ្នាសម្អាតបរិស្ថាននិងកុំចោលសំរាមរាយប៉ាយ។
លោកសាយកុសល អភិបាលក្រុងបានបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួននៅតែលួចចោលសំរាមផ្តេសផ្តាសបង្កឱ្យប៉ះពាល់ដល់សោភណភាពក្រុង ក្នុងពេលដែលអាជ្ញាធរខេត្ត ក្រុងកំពុងប្រឹងប្រែងរៀបចំអភិវឌ្ឍទីក្រុងស្អាត សាងសង់ សួនច្បារ និងរង្វង់មូលផងដែរ។
លោកអភិបាលក្រុងបន្តថា ៖ ទីក្រុងស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា មិនមែនតែអាជ្ញាធររៀបចំបានស្អាតតែឯងបាននោះទេ ដូចនេះសូមបងប្អូនភ្ញាក់រលឹកឡើងនិងរួមគ្នាស្រឡាញ់ទីក្រុងហើយនាំគ្នាតុបតែងផ្ទះសម្បែងត្រៀមទទួលទេវតាឆ្នាំថ្មីដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខដ៏ឆាប់ៗនេះ។
លោកឡាផាត រស់នៅភូមិឃុំកោះសំពាយ ស្រុកសៀមបូក បានគាំទ្រដល់អាជ្ញាធរក្រុងបានធ្វើការដាស់តឿននេះ ហើយនេះគ្រាន់តែជាការរួមចំណែកក្នុងការដាស់ស្មារតីមួយតែប៉ុណ្ណោះ។
លោកបន្តថា ៖ ជាមួយនេះ បងប្អូនប្រជាពលរដ្ឋយើងបានសម្តែងក្តីបារម្ភ ព្រោះគំនរ សំរាមដ៏ក្រាស់ក្រែល នេះ ពេលគរទុកយូរ បានបង្កក្លិនស្អុយអសោច ពេលខ្យល់បក់មក ក្លិនវាសាយភាយទៅគ្រប់ទីកន្លែង ជាពិសេសគំនរសំរាម នៅជិតមណ្ឌលសុខភាពខេត្តនេះតែម្តង ហើយ អ្នកជំងឺឈឺល្មមៗមកសម្រាកនៅមន្ទីរពេទ្យបង្អែក ធុំក្លិនស្អុយកាន់តែបង្កើនភាពឈឺនោះបន្ថែមទៀត។
លោកថា ៖ មិនតែប៉ុណ្ណោះ សំរាម គរ បែបនេះ វាក៏ជាបញ្ហាប្រឈមមួយ ធ្វើឱ្យប៉ះពាល់ដល់ផ្នែកសោភណភាពក្រុងផងដែរ ក្នុងពេលដែលអាជ្ញាធរខេត្ត ក្រុង ផ្ចិតផ្ចង់រៀបទីក្រុងឱ្យមានសួនច្បារ ដាំផ្កា ធ្វើហេដ្ឋារចនាសម្ព័ន្ធស្អាត តែអ្នកគ្រប់គ្រងសំរាមពន្យារពេល ប្រមូលទុកគររហូតដល់៥ទៅ៧ថ្ងៃ បានមកយកនៅចំណុចនេះម្តង វាបង្កផលប៉ះពាល់ផ្នែកបរិស្ថានរស់នៅ។
ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងបានសំណូមពរដល់លោកជា គង់ដេញថ្លៃប្រមូលសំរាមកុំស្ពឹកពេក ងាកមកមើលគំនរសំរាមនៅជិតមន្ទីរពេទ្យបង្អែកខេត្តផង បើសិនជាអស់លោក ធ្វើមិនកើតទេ បង្ហាញថាមានភាពកម្សោយ គួរតែខ្មាសអៀនព្រោះយកតែលុយការងារមិនរហ័ស។
ជាមួយនេះ ពួកគាត់ បានបំភ្លឺជូនទៅអាជ្ញាធរថា ៖ អង្គភាពប្រមូលសំរាមចេះតែផ្លាស់ប្ដូរមកយកលុយថ្លៃសំរាមឡើងថ្លៃ មួយជា២បង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ប្រជាពលរដ្ឋក្រុង ទើបធ្វើឱ្យពួកគាត់ ឈប់បង់លុយចេះតែយកទៅចោលតាមទីកន្លែងផ្តេសផ្តាសបែបនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារអ្នកយកព័ត៌មាន បានធ្វើការទាក់ទងទៅម្ចាស់ប្រមូលសំរាមថ្មីលោកជាគង់សាកសួរបញ្ជាក់ពីហេតុផលនេះដែរ តែទូរស័ព្ទចូលមិនលើក៕
Source: Kampuchea Thmey Daily
0 Comments