តាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា នៅស្រុកបាទី បានបណ្ដាលឲ្យស្លាប់ពីរនាក់ រងរបួសធ្ងន់ម្នាក់ ដោយម្នាក់ បើកបរម៉ូតូទៅបុករបងផ្ទះគេ និងម្នាក់ទៀត បើកបរម៉ូតូទៅបុកបង្គោលភ្លើង។
ព្រោះតែការបញ្ជាយានយន្តខ្វះការប្រុងប្រយ័ត្ន និងក្នុងល្បឿនលឿនផងនោះ ជនរងគ្រោះពីរនាក់ត្រូវបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ នៅស្រុកបាទី ៖ ករណីទី១-យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកនឹងរបងផ្ទះពលរដ្ឋ នៅចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី កាលពីវេលាម៉ោង២១និង០៦នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ជនរងគ្រោះ ជីវ ស្រ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាំងឫស្សី ឃុំពត់សរ ស្រុកបាទី (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរពីក្រោយឈ្មោះ គល់ កែវ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី។ ចំណែកម៉ូតូជនរងគ្រោះ បើកបរម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៩ ស្លាក់លេខភ្នំពេញ 1HR 9942។
ចំណែកករណីទី២-កើតឡើងនៅវេលាម៉ោង២១និង២០នាទី នៅលើផ្លូវខេត្តលេខ១២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១,២ ស្ថិតក្នុងភូមិត្រពាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមាន ឈ្មោះ ប៉ ស៊ែល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះ បានបើកបរម៉ូតូប្រភេទភីស៊ីអិច ពាក់ស្លាកលេខភ្នំពេញ 1HK 0372 ទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេច។
ក្រោយកើតហេតុ ប៉ូលិសជំនាញចរាចរណ៍ស្រុកបាទី បានចុះដល់ធ្វើកំណត់ហេតុ និងដោយឃើញថា ករណីនេះ ជនរងគ្រោះមានការធ្វេសប្រហែសក្នុងការបើកបរដោយខ្លួនឯង ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ សមត្ថកិច្ចបានប្រគល់វត្ថុតាង និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments