ខេត្តបន្ទាយមានជ័យ ៖ ឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការពន្យារការដាក់ពាក្យសុំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
នេះបើយោងតាម ស្មារតីក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងការផ្សព្វផ្សាយការពន្យារឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ជាជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គៀត ចាន់ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹង មន្ត្រីនគរបាលជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ស្រុកក្រុងទាំង៩ របស់ខេត្តបន្ទាយមានជ័យ ចូលរួមជាច្រើននាក់ផងដែ។
លោកឧត្តមសេនីយ៍ទោ សោម សុគន្ធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ ជនបរទេសស្នាក់នៅរយៈពេលវែងមាន ជាអង្គការ សមាគម និងក្រុមហ៊ុនវិនិយោគ សរុបមានចំនួន១,៦៧៥នាក់ ស្រី២៧៧នាក់ ក្នុងនោះជនជាតិចិនមានចំនួន១១៥នាក់។ ជនបរទេសស្នាក់នៅរយៈពេលខ្លី សរុបចំនួន ៣,២១០នាក់ ស្រី១,៣៧២នាក់ ជនបរទេសកំពង់ស្នាក់នៅក្នុងខេត្ត មានចំនួន៣៨៨គ្រួសារ មនុស្សរាយរួម មានចំនួន៨០៥នាក់ ស្រី៣២៩នាក់ ក្នុងនោះមាន ០៤សញ្ជាតិ ដូចជា ៖ - ជនជាតិវៀតណាម ៣៥១គ្រួសារ - ជនជាតិថៃ៣១គ្រួសារ - ជនជាតិភូមា - ជនជាតិឡាវមាន២គ្រួសារ។ ការជំរឿនថ្មីៗនេះ មានជនបរទេសកាន់កាប់ឯក
សារកម្ពុជា មិនបានត្រឹមត្រូវ ចំនួន១០៣គ្រួសារ មនុស្សរាយ មានចំនួន២២០នាក់ ស្រី៩០នាក់ ដកហូតឯកសារពីជនបរទេសមិនប្រក្រតី ចំនួន៨១គ្រួសារ មនុស្សរាយ ចំនួន១៨៦នាក់ ស្រី៧៨នាក់។
ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានបង្ហាញពីប្រវត្តិនៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ តាំងពីមុន និងបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានឯករាជ្យរហូតដល់បច្ចុប្បន្ន។ ក្នុងនោះឯកឧត្តម ក៏បានបង្ហាញផងដែរ អំពីបញ្ហាប្រឈម ចំនួន០២ លើការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នៅខេត្តបន្ទាយមានជ័យ រួមមាន ៖ ១.ជនបរទេសអន្តោប្រវេសន៍ ចំនួន២៣គ្រួសារ មនុស្សរាយ ចំនួន៤៣នាក់ មិនទាន់បានដកហូតឯកសារចាស់ដែលកំពុងកាន់កាប់ ដោយបានគេចខ្លួនបាត់មិនដឹងទៅណា។ ២.ជនបរទេសអន្តោប្រវេសន៍ មិនមកទទួលយកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងលិខិតទទួលស្គាល់ ចំនួន១០១នាក់ ដែលបានបញ្ជូនមកដល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យហើយ។ ឯកឧត្តម ក៏បានសំណូមពរដល់មន្ត្រីនគរបាលជំនាញ និងក្រុមការងារ ឲ្យជួយរៀបចំដំឡើងបញ្ជីជនបរទេស អន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ និងរៀបចំឲ្យជនបរទេសអន្តោប្រវេសន៍ បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដើម្បីឲ្យសកម្មភាពដែលកំពុងធ្វើនេះ បញ្ចប់បានជាស្ថាពរ ។
ជាមួយគ្នានេះ ឯកឧត្ដម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ វាយតម្លៃ និងកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ក្រុមការងារ នាពេលកន្លងមក។ ឯកឧត្ដម ក៏បានអំពាវនាវផងដែរ ដល់ក្រុមការងារ ធ្វើយ៉ាងណាត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ លើជនបរទេស អន្តោប្រវេសន៍ និងសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស។ ជាពិសេស គ្រប់សកម្មភាពការងារ មុនអនុវត្តន៍ ត្រូវគិតពីអភិក្រមទាំង៥ របស់រដ្ឋាភិបាល ជៀសវាងកើតមានកំហុសឆ្គងផ្សេងៗ៕
Source: Kampuchea Thmey Daily
0 Comments