Ad Code

សម្តេច​ប្រមុខ​រដ្ឋស្តីទី ទទួល​សារ​តាំងពី​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល​



ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​២៧ ខែមីនា​នេះ បាន​អនុញ្ញាត​ឲ្យ​លោកស្រី Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល ចូល​ជូន​សារតាំង និង​សម្តែង​ការគួរ​សម នៅ​វិមាន​ព្រឹទ្ធសភា​។



ក្នុង​ជំនួប​នេះ​លោកស្រី Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល បាន​ថ្លែងអំណរគុណ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល វេលា ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​លោកស្រី​បាន​ចូល​ជូន​សារតាំង និង​សម្តែង​ការ​គួរ​សម​។ លោកស្រី​Ana Lucy Gentil Cabral Petersen បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ ដែល​នេះ គឺជា​លើក​ទី​១​ហើយ ដែល​លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​អាស៊ី ជាពិសេស​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​។ លោកស្រី​មាន​សេចក្តី សង្ឃឹមថា លោកស្រី​នឹង​មាន​ឱកាស ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​ប្រទេស​កម្ពុជា​នៅ​ឆ្ងាយ​ពី​ប្រទេស​ប្រេ​ស៊ី​ល​យ៉ាណា​ក៏ ដោយ ក៏​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ដួងចិត្ត​របស់​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​ល​។



លោកស្រី​Ana Lucy Gentil Cabral Petersen បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង ប្រទេស​ទាំងពីរ​។

ក្នុង​ព្រះបរមនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាទីបំផុត ដែល​លោក រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល តែងតាំង​លោកស្រី​Ana Lucy Gentil Cabral Petersen ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​។

សម្តេច​វិបុល​សេនា​ភក្តី ប្រមុខរដ្ឋ​ស្តីទី មាន​ជំនឿ​ជឿជាក់​ថា ក្នុង​ឋានៈ​លោកស្រី ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី​នឹង​បន្ត​ខិតខំ​ពង្រឹងពង្រីក ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។



សម្តេច​វិបុល​សេនា​ភក្តី ប្រមុខ​រដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​បាន​មើលឃើញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។

សម្តេច​វិបុល​សេនា​ភក្តី ប្រមុខរដ្ឋ​ស្តីទី បាន​បញ្ជាក់​ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន​ជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ នឹង​លោកស្រី​ឯកអគ្គរដ្ឋទូត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ឈាន​ឡើង កម្រិត​ថ្មី​មួយទៀត ដើម្បី​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​។

តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត សម្តេច​វិបុល​សេនា​ភក្តី ប្រមុខរដ្ឋ​ស្តីទី បាន​ពាំ​នាំ​នូវ​ព្រះរាជ បណ្តាំ​សួរសុខទុក្ខ សេចក្តី​គោរព និង​សេចក្តី​នឹករលឹក​អំពី ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu