ភ្នំពេញ ៖ លោក រដ្ឋមន្ត្រី វេង សាខុន កាលពីរសៀលថ្ងៃថ្ងៃទី២៦ មីនា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃផែនការវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាលើផ្លែស្វាយ និងដំឡូងមី និងណែនាំជូនលោក រដ្ឋមន្ត្រីស្គាល់ពីក្រុមហ៊ុនជាដៃគូ ហើយក៏ជាអ្នកជំនាញក្នុងការកែច្នៃដំឡូងមីមកពីប្រទេសកាណាដា។
សូមបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងមី ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ហើយនឹងបើកដំណើរការសាកល្បងនាខែឧសភាខាងមុខនេះនៅលើផ្ទៃដីសរុបជាង ២០ហត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវចំណាយទុនវិនិយោគជាង ២០ លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រកែច្នៃដំឡូងមីនេះ នឹងមានសក្តានុពលកែច្នៃដំឡូងមីទៅជាម្សៅបានចំនួន ១៣០ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន ៥០០ពាន់តោន ហើយក្នុងអំឡុងពេល ៥ឆ្នាំខាងមុខ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រខ្នាតធំនេះឲ្យបាន ២០រោងចក្រទូទាំងប្រទេស។ ដើម្បីឲ្យការផែនការវិនិយោគនេះទទួលបានជោគជ័យ ក្រុមហ៊ុនបានបង្កើតកិច្ចសហការយ៉ាងល្អប្រសើរ និងប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ UNDP Cambodia ដោយបានសម្រេចការសិក្សា ស្រាវជ្រាវផែនការដាំដុះ និងផ្ទៃដីដាំដុះដំឡូងមីរបស់ប្រជាកសិករជាង ៥,៥ពាន់គ្រួសារ លើផ្ទៃដីជាង ៣០ពាន់ហត នៅក្នុងតំបន់គោលដៅ។ ហើយអ្វីដែលជាមោទនៈនោះគឺ បានរួមគ្នាចងក្រងប្រជាកសិករទាំងនោះទៅជា ២៧សហគមន៍ ហើយកំពុងឈានឆ្ពោះទៅបញ្ចប់ការចរចាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយពួកគាត់។ ដោយឡែក ពាក់ព័ន្ធនឹងរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺដែលមានលទ្ធភាពនាពេលបច្ចុប្បន្ននេះបានធ្វើការកែច្នៃជាដំណាប់ស្វាយបានចំនួន ២ពាន់តោនក្នុងឆ្នាំ ហើយនៅបំណាច់ខែមេសាខាងមុខនេះនឹងមានរោងចក្រថ្មីមួយទៀតអាចដំណើរការ ដែលឈានទៅដល់ការផលិតដំណាប់ស្វាយបាន៣ ពាន់តោនក្នុងមួយឆ្នាំបន្ថែមទៀត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា កំពុងដំណើរការយ៉ាងល្អប្រសើរ ដោយមានការបញ្ជាទិញពីបរទេសជាបន្តបន្ទាប់ ហើយក្រុមហ៊ុននឹងអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅសម្ពោធរោងចក្រកែច្នៃផ្លែស្វាយទី២ ស្ថិតនៅខេត្តកំពង់ស្ពឺនោះដែរក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកំពុងសិក្សាសាងសង់រោងចក្របន្ថែមទៀតនៅខេត្តកំពង់ចាមផងដែរ។
លោក រដ្ឋមន្ត្រីបានសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងលោកបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវលទ្ធផលដែលរំពឹងទុក និងជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ លោក រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជនក្នុងការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចសម្រាប់ធ្វើការនាំចេញ ហើយនេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម បង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ធានាតម្លៃ និងទីផ្សារស្វាយ និងដំឡូងមីជូនប្រជាកសិករ ដោយអនុវត្តតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការកែច្នៃផ្លែល្ហុង មៀន និងម្នាស់ ដែលផលិតផលទាំងនេះកំពុងមានសក្តានុពលខ្ពស់ទាំងការដាំដុះ និងទីផ្សារ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារួមការនាំចេញផ្លូវការនៃផលិតផលស្វាយទូទាំងប្រទេសសរុបបានចំនួន ១៥ ២៨២តោន និងផលិតផលដំឡូងមីចំនួន ១,០៨លានតោន៕
Source: Kampuchea Thmey Daily
0 Comments