ភ្នំពេញ ៖ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន២រូប បានអះអាងថា លោក កឹម សុខា ពុំដែលបានណែនាំ ឬហាមប្រាម សមាជិក ឬនរណាម្នាក់មិនឲ្យសុំសិទ្ធិនយោបាយនោះឡើយ ហើយក៏មិនដែលឃើញលោក កឹម សុខា អំពាវនាវកុំឲ្យអ្នកជាប់បំរាមនយោបាយ ទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះដែរ។
ការលើកឡើងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា នេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងលាក់ខ្លួននៅក្រៅប្រទេសនោះ បានអះអាងថា លោក កឹម សុខា បានបង្ហាញភាពស្មោះត្រង់ និងអំពាវនាវឲ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំងអស់ កុំទៅសុំសិទ្ធិធ្វើនយោបាយ។
លោក ផែង ហេង ជាមេធាវីមួយរូបរបស់លោក កឹម សុខា បានអះអាងនៅថ្ងៃទី២៧ ខែមីនា ថា ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់កាលពីម្សិលមិញ ហើយថា លោក កឹម សុខា ពុំបានហាមប្រាម ឬរារាំងនរណាម្នាក់ រឿងសុំសិទ្ធិនយោបាយឡើយ ព្រោះគាត់កំពុងជាប់បំរាមតុលាការ ពុំអាចទំនាក់ទំនងជាមួយអ្នកនយោបាយ និងប្រភពខាងក្រៅមួយចំនួនទៀត។ លោកបញ្ជាក់ទៀតថា “យើងក៏ពុំដែលបានឃើញការអំពាវនាវរបស់លោក កឹម សុខា ដល់អ្នកជាប់បំរាមនយោបាយ សុំមិនឲ្យពួកគាត់ទៅដាក់ពាក្យសិទ្ធិនយោបាយក៏ទេដែរ។ ហេតុអ្វីអ្នកនយោបាយចូលចិត្តលាបពណ៌ជនស្លូតត្រង់ ក្នុងចេតនាបង្កឲ្យអ្នកដទៃឈឺចាប់ម្ល៉េះ? បើអ្នករត់សម្ងំយកសុខ យករួចខ្លួនហើយ ម្តេចឡើយបង្កហេតុ បង្ករឿងដល់អ្នកដទៃ។ បើអ្នកមិនឃើញអ្នកដទៃឈឺចាប់មួយថ្ងៃ អ្នកមិនសប្បាយចិត្ត និងដេកមិនលក់បក់មិនល្ហើយមែនទេ?”។
ចំណែកលោក ចាន់ ចេន ក៏បានអះអាងដែរថា លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ និងក៏មិនបានជំរុញឲ្យទៅសុំសិទ្ធិធ្វើនយោបាយដែរ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែមីនា លោក អ៊ូ ច័ន្ទរ័ត្ន ដែលទើបទទួលបានការលើកបំរាមនយោបាយបានអះអាងថា ក្នុងការទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយនេះ លោកមិនបានពិភាក្សាជាមួយថ្នាក់ដឹកនាំណាទេ ដោយសារតែថ្នាក់ដឹកនាំនៅក្រៅប្រទេសពិបាកនិយាយគ្នា ហើយលោក កឹម សុខា កំពុងជាប់បំរាមតុលាការ មិនអាចជួបជជែកគ្នាបាន ហើយសហការី ដែលដាក់សុំសិទ្ធិធ្វើនយោបាយជាមួយលោក គឺជាការសម្រេចរៀងៗខ្លួន នៅក្នុងជំនួបតាមតុកាហ្វេ។
ទាក់ទងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ផ្អែកតាមខ្លឹមសារច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រង់មាត្រា៤៥ស្ទួនពីរ បានអនុញ្ញាតឲ្យមន្ត្រីអតីតបក្សប្រឆាំង ដែលត្រូវព្យួរសិទ្ធិធ្វើនយោបាយ៥ឆ្នាំ អាចសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយមកដល់ពេលនេះ មានមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន៩នាក់ហើយ បានដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ស្របតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ។
តាមលោក សុខ ឥសាន ក្រោយការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនេះ មានមតិជាច្រើនអបអរសាទរផង និងរិះគន់ផង ចំពោះអ្នកដែលបានដាក់ពាក្យសុំនីតិសម្បទាធ្វើនយោបាយឡើងវិញនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី ការដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ គឺជាការអនុវត្តច្បាប់ និងបញ្ជាក់ថា លំហប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបើកទូលាយ ហើយសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋរបស់ប្រជាជនកម្ពុជា ត្រូវបានគោរព និងបើកទូលាយ។ ដូច្នេះទោះមានមតិយោបល់គាំទ្រផង និងប្រឆាំងផងក៏ដោយ ក៏បណ្តាអ្នកបានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក៏បានសម្រេចផលស្របតាមច្បាប់ និងតាមឆន្ទៈខ្លួនរួចហើយ បានសេចក្តីថា អង្ករនយោបាយបានក្លាយទៅជាបាយនយោបាយរួចហើយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចំនួន០៩នាក់ហើយ ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលព្រៃវែង ទី៣, លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី អតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ទី៤, លោក កង គឹមហាក់ អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ ទី៥, លោក ជីវ កត្តា អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ ទី៦, លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ទី៧, លោក ច័ន្ទ សិលា ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ទី៨, លោកស្រី ទេព សុទ្ធី អតីតតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងទី៩, លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង និងជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ៕
Source: Kampuchea Thmey Daily
0 Comments