Ad Code

បុរស​ម្នាក់ ​ធ្លាក់​ពីលើ​ដើមត្នោត​ស្លាប់ ​គ្មាន​អ្នកដឹង ក្មេង​ឃ្វាលគោ​ប្រទះឃើញ​ ទើប​មានការ​ភ្ញាក់ផ្អើល​



​កំពង់ឆ្នាំង ៖ បុរស​ជា​អ្នក​ឡើង​ត្នោត​ម្នាក់ ​ត្រូវ​ក្មេងឃ្វាលគោ​ប្រទះឃើញ​ដេកស្លាប់​នៅក្រោម​ដើម​ត្នោត​ ដោយសារតែ​គាត់​បាន​ធ្លាក់​ពីលើ​ដើមត្នោត ​គ្មាន​អ្នកណា​ដឹង។ ​ការ​ប្រទះ​ឃើញ​នេះ ​បាន​កើត​ឡើង​នៅ​ម៉ោង​២​និង​២៨​នាទី រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដើមត្នោត​មួយ​ដើម​ដែល​នៅ​ខាងកើត​សាលា​បឋមសិក្សា​វត្តភ្នំ ស្ថិត​នៅក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹងថា បុរសរងគ្រោះ​មាន ឈ្មោះ សេក សាវ៉ាត ហៅ​(​ឆក​) អាយុ៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ/ឃុំ កើតហេតុ​ខាងលើ មុខរបរ​ធ្វើស្រែ​ចម្ការ និង​ឡើង​ត្នោត​ជាប្រចាំ។​

ដោយឡែក​ នៅ​ថ្ងៃកើតហេតុ​ ក្រោយ​បាយ​ថ្ងៃត្រង់​រួច បុរសរងគ្រោះ​បាន​ចេញ​ទៅ​ឡើង​ត្នោត​ដូច​រាល់​ថ្ងៃ តែ​មិនដឹង​ជា​យ៉ាងម៉េច ​ទើប​បុរស​រងគ្រោះ​ធ្លាក់​ពីលើ​ដើម​ត្នោត បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្នាក់​ឯង​ដោយ​គ្មាន​អ្នកដឹង។ រហូតដល់​ម៉ោង​២​និង​២៨​នាទី ថ្ងៃ​ដដែល ​ទើប​មាន​ក្មេងឃ្វាលគោ​ទៅ​​​ម្តុំ​នោះ ក៏បាន​ប្រទះឃើញ​បុរសរងគ្រោះ​ដេកស្លាប់​នៅក្រោម​ដើមត្នោត ដោយ​មិនដឹងថា​ ស្លាប់​តាំងពី​ពេល​ណា​មក​នោះទេ​។​

ក្រោយពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ពិនិត្យ​សព​តាម​នីតិ​វិធី​ហើយ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​គ្រោះថ្នាក់​ឆ្លាក់​ពីលើ​ដើមត្នោត​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​លំនៅដ្ឋាន​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu