ភ្នំពេញ ៖ កិច្ចសន្យាផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន លើទឹកប្រាក់ប្រមាណ២៦២៧៥០ដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់សុខុមាលភាពនៅកម្ពុជា ត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី២០មីនានេះ នៅស្ថានឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា រវាង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលជប៉ុន ជាមួយតំណាងស្ថាប័នទទួលជំនួយចំនួនបីនៅកម្ពុជា។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ថ្លែងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦២.៧៥០ដុល្លារអាមេរិក ដល់អង្គការចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ហៅថា (ជំនួយគូសាណូណិ)។ ក្នុងគម្រោងជំនួយនេះ ទឹកប្រាក់ចំនួន៨៩.១១២ដុល្លារអាមេរិក ត្រូវបានផ្តល់ដល់មន្ទីរពេទ្យអង្គរខេត្តសៀមរាប សម្រាប់គម្រោងតម្លើងឧបករណ៍វេជ្ជសាស្ត្រនៅផ្នែកថែទាំជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ហើយទឹកប្រាក់ចំនួន៨៩២៧៨ដុល្លារអាមេរិក ត្រូវបានផ្តល់ដល់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទឹកប្រាក់ចំនួន៨៩.១២៥ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅឲ្យមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី សម្រាប់គម្រោងសាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅ នៅមណ្ឌលសុខភាពមេម៉ង់របស់ខេត្តមណ្ឌលគីរី។
លោកឯកអគ្គរាជទូតរំពឹងថា ជំនួយទាំងអស់នេះ នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ ជាពិសេសនឹងរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា កុមារ និងបរិយាកាសសុខាភិបាលដែលល្អប្រសើរជាងមុន។
តំណាងស្ថាប័នទទួលជំនួយទាំងបី គឺ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និង លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរពេទ្យខេត្តមណ្ឌលគីរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលបានបន្តគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ក្នុងនាមស្ថាប័នទទួលជំនួយទាំងបី សន្យាថា នឹងប្រើប្រាស់ជំនួយនេះឲ្យចំគោលដៅ និងឲ្យអស់ពីលទ្ធភាព សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជនដែលរស់នៅក្នុងតំបន់៕
Source: Kampuchea Thmey Daily
0 Comments