កំពង់ឆ្នាំង ៖ ប្តីប្រពន្ធវ័យក្មេង២នាក់ ម្នាក់បាក់ដៃ ម្នាក់ទៀតបាក់ជើង ដោយសារតែធ្លាក់ពីលើដើមអំពិល ហើយបានចូលមកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានក្តីអាណិតអាសូរ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តមិនបានយកសេវាព្យាបាលឡើយ។
ជនរងគ្រោះខាងលើបានឲ្យដឹងថា ប្តីមានឈ្មោះ អឿន សុខជា អាយុ២៥ឆ្នាំ ជាកូនកំព្រាឪពុកម្ដាយ មុខរបរជាជាងផ្សារដែក រីឯប្រពន្ធ ឈ្មោះ អៀម សាទី អាយុ២២ឆ្នាំ ជាស្ត្រីមេផ្ទះ ទើបសម្រាលកូនបាន២ខែ ពួកគាត់រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងពេលកើតហេតុ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធ បានឡើងបេះអំពិលយកមកស្ល ជាអកុសល មែកអំពិលដែលគាត់ជាន់នោះចង់បាក់ ស្ត្រីនោះក៏ស្រែកហៅប្តីមកជួយ។ ពេលប្តីមកដល់ មែកអំពិលក៏បាក់ធ្លាក់មកសង្កត់ពីលើ គឺទាំងប្រពន្ធ និងមែកអំពិលនោះដែរ បណ្តាលប្តីបាក់ដៃ ឯប្រពន្ធ បាក់ខ្មងជើងឈឺចាប់ខ្លាំងដូចគ្នា។
ក្រោយពេលកើតហេតុ អ្នកភូមិផងរបងជាមួយនាំគ្នាជួយដឹកពួកគាត់តាមរ៉ឺម៉កម៉ូតូ ដោយឆ្លងកាណូតផង ទើបមកដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ប៉ុន្តែម្ចាស់កាណូតដអាណិតអាសូរ មិនបានយកលុយថ្លៃរ៉ឺម៉កម៉ូតូ និងថ្លៃជនរងគ្រោះពីគាត់ទាំង២នាក់នោះទេ។
ដោយឡែក ពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលសួរនាំដឹងនូវហេតុការណ៍គ្រោះថ្នាក់ របស់ជនរងគ្រោះ គឺលោក សូរិន្ទ រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានអនុគ្រោះមិនយកថ្លៃសេវាព្យាបាលពីជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments