Ad Code

ចាប់ខ្លួន​យុវជន​ស្រី​/ប្រុស​៥​នាក់ ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ និង​សេព​ថ្នាំញៀន​



ភ្នំពេញ ​៖ ក្រុមយុវជន​ស្រី/​ប្រុស​ចំនួន​៥​នាក់​ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ចាប់​ឃាត់ ខ្លួន​ ខណៈ​ពួកគេ​កំពុងតែ​ជួបជុំគ្នា​សេព និង​ជួញដូរ​ថ្នាំញៀន ដោយ​ខុសច្បាប់ ​នៅ​ចំណុច​បន្ទប់​ផ្ទះ ជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​។​

​តាម​របាយការណ៍​ផ្លូវការ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ៖ ក្រុម​ជនជាប់សង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ ១.​ឈ្មោះ ស្រី ខេ​ម៉ា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​ ២.​ឈ្មោះ មុនី តារា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ជន​ជាតិ​ខ្មែរ​ មុខរបរ​ជាង​ដែក ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ក្រសាំង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​៣.​ឈ្មោះ ឈៀង រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ ៤.​ឈ្មោះ​ គឹម បូ​ឌី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ ៥.​ឈ្មោះ ថុ​ន ស៊ីណា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នៅក្នុង​ការបង្ក្រាប​នោះ ​ប៉ូលិស​ បាន​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន​ដូចជា ថ្នាំ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​២​កូន​ថង់​តូច , ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខៀវ ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CS-8405 និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង។​

​ពាក់ព័ន្ធ​ការឃាត់ខ្លួន​នេះ ​សមត្ថកិច្ច​និយាយ​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល ប៉ុស្តិ៍​គោក​ឃ្លាង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​កំពុងតែ​នាំគ្នា​ជក់​(​សេព​)​ថ្នាំញៀន នៅ​ក្នុង​បន្ទប់​ជួល​ដែល​នៅ​ទីនោះ ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំញៀន​ និង​ឧបករណ៍​សម្រាប់​ជក់​ផង​។ ដោយមាន​វត្ថុតាង​បទល្មើស​គ្រប់គ្រាន់ បន្ទាប់មក​សមត្ថកិច្ច​ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ រួមទាំង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu