ភ្នំពេញ ៖ តារាចម្រៀងប្រុសដែលល្បីល្បាញតាមរយៈបទ ទូរស័ព្ទប្រាប់ផង លោក សាន ផានិត បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង បន្ទាប់ពីត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារសួរនាំរឿងបាត់មុខពីសិល្បៈមួយរយៈពេល តាមរយៈកម្មវិធីចម្រៀងគ្រួសារខ្មែររបស់ លោក អ៊ុក ណារីម។
តារាចម្រៀង លោក សាន ផានិត បានប្រាប់ឲ្យដឹងទាំងអារម្មណ៍រំភើបថា លោកពិតជានឹកស្មានមិនដល់សោះ ដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសួរនាំនឹករលឹក ដល់រូបលោក ខណៈ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសួរនាំបែបនេះថា សាន ផានិត ទៅសំងំឯណា ទើបបាត់មុខយូរម្ល៉េះ?។
លោក សាន ផានិត បានប្រាប់ឲ្យដឹងថា ខ្ញុំបាត់មុខមួយរយៈពេលនេះ គឺដោយសារបញ្ហាការរកស៊ីទើបធ្វើឲ្យកូនត្រូវចុះឡើងទៅខេត្តមណ្ឌលគិរី។ ប៉ុន្តែដោយសារទស្សនិកជននៅតែគាំទ្រ និងមើលឃើញថា វិស័យសិល្បៈមានការរីកចម្រើន ក៏កូនត្រឡប់មកសិល្បៈវិញ និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនឡើងវិញ។
លោក សាន ផានិត ក៏បានថ្លែងអំណរគុណ ព្រមទាំងគោរពជូនពរ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា កូនសូមជូនពរពុកម៉ែ ឲ្យមានសុខភាពល្អ និងបន្តដឹកនាំប្រទេស មានសន្តិភាព ដើម្បីជាម្លប់ដល់កូនចៅ។
ទន្ទឹមគ្នា នៃការរំភើប និងអរគុណ សម្ដេចតេជោ ហ៊ុន សែន នេះដែរ លោក សាន ផានិត ក៏បាន បានបង្ហើបឲ្យដឹងដែរថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកមានចម្រៀង៣បទ ជាចំណងដៃគឺមានដូចជា ៖ ចង្វាក់ម៉ាឌីហ្សន់ ចង្វាក់ទ្វីស និងឆាឆា ជាដើម។ លោកសង្ឃឹមថា ចម្រៀងទាំង៣បទនេះ នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងមហាជន ដែលធ្លាប់តែគាំទ្រលោកនាពេលកន្លងមកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments