Ad Code

ចៅក្រម ​ឈ្មោះ ​កូយ សៅ ចង​មុង​កាត់ក្ដី​សំណុំរឿង​អាណិកជន​អាមេរិក​ បង្ខាំង​ស្រី​ស្នេហ៍​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ភេទ​



ភ្នំពេញ ៖ ​​​អាច​ចាត់ទុកថា​ជា​រឿងក្ដី​មិន​ប្រក្រតី ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឈ្មោះ ​កូយ សៅ បានសម្រេច​បិទទ្វារ​កាត់ក្ដី​សំណុំរឿង​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់​ ដែល​ជាប់ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស បទ​គំរាមកំហែង ​ថា​នឹង​សម្លាប់ បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​បទ​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ។​

សវនាការ​នេះ​ គឺ​ចៅក្រម ​កូយ សៅ មិន​អនុញ្ញាត​ឲ្យ​​សាធារណជន អ្នក​សារ​ព័ត៌មាន រួមទាំង​សមត្ថកិច្ច​ផង ​ចូល​ស្ដាប់​ដំណើរការ​កាត់ទោស​នេះ​ទេ គឺ​ចៅក្រម ​សម្រេច​បិទទ្វារ​បន្ទប់​សវនាការ​ដោយមាន​តែ​ជន​ត្រូវ​ចោទ​ម្នាក់​ប៉ុណ្ណោះ ​ជាមួយនឹង​ចៅក្រម តំណាង​អយ្យការ និង​ក្រឡាបញ្ជី​ក្នុង​ដំណើរការ​កាត់ទោស ដែល​ភាសា​សាមញ្ញ​ គេ​ហៅថា​« ចង​មុង​កាត់ក្ដី »។​

ជន​ត្រូវ​ចោទ​ ដែល​តុលាការ​បិទទ្វារ​កាត់ក្ដី​នេះ​ ឈ្មោះ ​ព្រឿង សំអឿន ហៅ សេម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អាណិកជន​ខ្មែរ ​រស់នៅ​សហរដ្ឋអាមេរិក តែ​បាន​មក​រស់នៅ​កម្ពុជា ប្រកបមុខរបរ​ជា​គ្រូ​បង្រៀន​លំ​ហាត់​ប្រាណ នៅ​ក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត​។

តាម​អង្គហេតុ​ នៃ​រឿង, ​ជន​នេះ​ ​បាន​បង្ខាំង​ទុក​នារី​ម្នាក់ ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ ដែល​នាង​មាន​ ឈ្មោះ​ម ហ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ជា​និស្សិត ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ របស់​ជនរងគ្រោះ ប្រើ​ពាក្យ​សំដី​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​ជនរងគ្រោះ និង​គំរាម បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ទៀត​ផង​។​

បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​មក​ជននេះ បាន​សារភាព​ថា ខ្លួន និង​នារី​រងគ្រោះ បាន​ស្គាល់គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយ ខណៈដែល​នារី​រងគ្រោះ តែង​មក​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត​រាល់​ថ្ងៃ ហើយ​ខ្លួន​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ​នៅ​ទីនោះ​។

ក្រោយមក ​ពួកគេ​ បាន​ស្រលាញ់​គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរស័ព្ទ​ណាត់ជួប​គ្នា ដើម្បី​រួមភេទ​ជា​ញឹកញាប់​ក្នុង​១​សប្ដាហ៍ ២​ទៅ ៣​ដង ហើយ​ក្នុងពេល​រួមភេទ​ម្តងៗ ជន​កំណាច​តែងតែ​ថត​ជា​វីដេអូ​ទុក​ផងដែរ​។ លើកដំបូង ពួកគេ​រួមភេទ ជាមួយគ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ សុ​វណ្ណា ហើយ​ក្រោយៗ​មកទៀត បាន​ជួល​បន្ទប់​ខុន​ដូរ​មួយ​ឈ្មោះ MHM បន្ទប់​លេខ​១៦៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដើម្បី​ណាត់ជួប​គ្នា​រួមភេទ ​ដោយឡែក​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ឡើយ​រូបនាង​ពិតជា​បាន​ស្រឡាញ់ ជនសង្ស័យ​ប្រាកដ​មែន តែ​រយៈកាល​ក្រោយៗ​មក រូបនាង​មានការ​ភ័យខ្លាច​ជាខ្លាំង ព្រោះតែ​សង្សារ​នេះ​ជា​មនុ​ស្សមាន​រោគ​ចិត្ត ព្រោះ​ពេល រួមភេទ​ជាមួយគ្នា​ម្តងៗ គេ​មិន​ត្រឹមតែ​ថត​វីដេអូ​ទុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ក្តិច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ ​និង​វាយ​នាង​បែក​មាត់​ជា​ញឹកញាប់​នៅពេល​នាង​ឈឺ​ពេក​ទ្រាំ​មិនបាន​ក៏​ស្រែក​។ ក្រោយមក ​នាង​ធុញទ្រាន់ ​ក៏​ទៅ​ភ្ជាប់​ពាក្យ​ជាមួយ​កំលោះ​ម្នាក់ទៀត ប៉ុន្តែ​ជនសង្ស័យ​បានដឹងថា​ នាង មាន​គូ​ដណ្ដឹង ក៏បាន​ចាប់​បង្ខាំង​ប្រើ​ហិង្សា​លើ​រូប នាង​ចំនួន​៦​ដង និង​គំរាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផងដែរ។​

នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈដែល​នារី​រងគ្រោះ​ និង​ជនសង្ស័យ​នៅ​ជាមួយគ្នា ស្រាប់តែ​គូ​ដណ្ដឹង​នារី​រងគ្រោះ បាន​ឆាត​មក ក៏ត្រូវ​ជនសង្ស័យ​ឆែក​ឃើញ​ កើតក្តី​ប្រចណ្ឌ​ ក៏​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​បាន​ឆាត​ទៅ​គំរាម​គូ​ដណ្តឹង​នារី​រងគ្រោះ​ឲ្យ​ឈប់​ទាក់ទង​នាង​ជាបន្ទាន់​។

បន្ទាប់មក ​ជនសង្ស័យ​ បាន​បង្ខាំង​នារី​រងគ្រោះ​ទុក​ក្នុង​បន្ទប់​ខុន​ដូ​មិន​ឲ្យ​ចេញ​ទៅណា ព្រមទាំង​បាន​ចាប់​បោច​សក់ និង​រុញ​ផ្ទប់ នាង​នឹង​ជញ្ជាំង ហើយ​បាន​ខាំ​នាង​២​កន្លែង គឺ​ដៃ​១​កន្លែង និង​កំប៉េះគូទ​១​កន្លែង​។

ក្រោយមកទៀត​ ជននេះ​ បាន​កាត់​អាវយឺត​ជា​ចម្រៀក​បម្រុង​យកមក ចងដៃ ចងជើង​នាង តែ​ដោយសារ​នារី​រងគ្រោះ​អង្វរ​ពេក ទើប​រូបគេ​មិនបាន​ចង ហើយក៏​បង្ខំ​នារី​រងគ្រោះ​ឲ្យ​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​គូ​ដណ្ដឹង​ថា ​ពួកគេ​ទាំង​២​នាក់ រស់នៅ​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ បើ​នាង​មិន​ទូរស័ព្ទ​ទៅ​ទេ គេ​នឹង​យក​កន្ត្រៃ​មក កាត់សក់​ចេញ​ឲ្យ​អស់ ហើយ​សម្លាប់ចោល​តែម្តង​។

ហេតុតែ​ខ្លាច​គេ​សម្លាប់​នារី​រងគ្រោះ​បង្ខំ ចិត្ត​ទូរស័ព្ទ​ទៅ​គូ​ដណ្ដឹង និយាយ​តាម​ការ​គំរាម របស់​ជន​សង្ស័យ​ហើយ ខណៈដែល​បុរស​អប្រិយ បង្ខាំង​នាង​ទុក​នៅ​ក្នុង​បន្ទប់ និង​យក​កាំបិត​ចុង​ស្រួច គំរាម​នាង​មិន​ឲ្យ​ចេញ​ទៅ​ណា​ជា​ដាច់ខាត​។​

លុះដល់ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្ដាយមីង​របស់​នារី​រ​ង​គ្រោះ ដែល​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យប់ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ស្រាវ​ជ្រាវ រហូត​ឈានទៅដល់​រកឃើញ​ទីតាំង​បង្ខាំង​រូប​នាង ដោយ​សហការ​ជាមួយ​សមត្ថកិច្ច អាវុធហត្ថ​ខណ្ឌ​ចំការមន​។

ពេល​ប៉េអិម​ចុះទៅ​ដល់​ ជន​កំណាច​មិន​ព្រម​បើកទ្វារ​ទេ ថែមទាំង​គំរាម​សមត្ថកិច្ច​ថា ​រូបគេ​នឹង​សម្លាប់​នារី​រងគ្រោះ​ចោល​ក្នុង​បន្ទប់​ទៀតផង​។ បន្ទាប់មក​ជនសង្ស័យ​ បាន​យក​ស្ប្រ៉ៃយ៍​បាញ់​ទៅលើ​ទ្វារ​កញ្ចក់ មិន​ឲ្យ​សមត្ថកិច្ច​មើលឃើញ​ដល់​ក្នុង​បន្ទប់ បម្រុង​រត់គេចខ្លួន តែ​មិនអាច​ចេញ​ទៅណា​រួច ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ទម្លាយ​ទ្វារ​ចូលទៅ​ឃាត់ខ្លួន និង​រំដោះ​នារី​រងគ្រោះ​បានតែ​ម្តង។​

បន្ទាប់មក​ សមត្ថកិច្ច ​កសាង​សំណុំរឿង​បញ្ជូន​ជន​កំណាច​នេះ​ ឡើង​តុលាការ​ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ក្ដី​នេះ​ ស្រាប់តែ​ចៅក្រម​តុលាការ​បិទទ្វារ​កាត់ក្ដី​ក្រោម​រូបភាព​សវនាការ​អសាធារណៈ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu