បាត់ដំបង ៖ សកម្មភាពយ៉ាងអនាធិបតេយ្យរបស់ក្រុមឈ្មួញ ដែលបានទន្ទ្រានឈូសឆាយកាយក្រវាត់រំលោភយកដីព្រៃលិចទឹក ដែលជាជម្រកត្រីពង នៅក្នុងស្រុកមោងឬស្សីកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងកើតទុក្ខមិនសុខចិត្តយ៉ាងច្រើន ទៅលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធកន្លងមក ដែលចេះតែបណ្ដែតបណ្ដោយតាមអំពើចិត្ត ដែលពលរដ្ឋដាក់ការសង្ស័យថា ជាសកម្មភាពឃុបឃិតគ្នានោះ ពេលនេះ ភាពកក់ក្តៅ ត្រូវបានវិលមកពួកគាត់វិញ ខណៈដែលគណៈប្រតិភូក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានចុះមកពិភាក្សា និងសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរួមគ្នាបង្ក្រាបបានដោយជោគជ័យ ធ្វើឲ្យពលរដ្ឋក្នុងស្រុកមោងឬស្សី ក៏ដូចជាមហាជនសាទរចំពោះសកម្មភាពដ៏ប្រពៃនេះ បានដំណើរការក្នុងស្មារតីការពារផលប្រយោជន៍រួមទាំងអស់គ្នា។
ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រោយពីគណៈប្រតិភូក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានជួបពិភាក្សាជាមួយលោកអភិបាលខេត្តបាត់ដំបង។
ចំណែកសកម្មភាពដែលត្រូវបានចុះបង្ក្រាបនាពេលនោះ គឺស្ថិតនៅចំណុចបឹងទំនប់តាវ៉ាង ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាប្រភេទដីព្រៃលិចទឹក ក្នុងតំបន់បីជាជម្រកត្រីពង និងជាតំបន់ហាមឃាត់ផងដែរ ដែលឈ្មួញកំពុងតែបន្តសកម្មភាព ហើយកម្លាំងសមត្ថកិច្ច បានចាប់គ្រឿងចក្រចំនួនពីរគ្រឿង ដែលកំពុងប្រព្រឹត្តជាក់ស្ដែង។
ក្នុងការចុះបង្ក្រាបនេះដែរ ក្រុមការងារគណៈប្រតិភូក្រុមប្រឹក្សា និងពិគ្រោះយោបល់ ដែលបានដឹកនាំដោយ លោក ហួន រាជចំរើន រួមនឹងលោកអភិបាលស្រុកមោងឫស្សី មានកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងមន្ត្រីជំនាញផងដែរ។
ក្នុងនោះ សមត្ថកិច្ច បាននាំយកគ្រឿងចក្រជាត្រាក់ទ័រមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃ និងអេស្កាមួយគ្រឿងទៀត យកទៅរក្សាទុកនៅអាវុធហត្ថស្រុកម៉ោងឫស្សី ដើម្បីបន្តនីតិវិធី។
ចំណែកម្ចាស់គ្រឿងចក្រ ឬអ្នកបើកបញ្ជាគ្រឿងចក្រទាំងពីរគ្រឿង មិនបានឃាត់ខ្លួននោះទេ ព្រោះពួកគេបានរត់គេចខ្លួនបាត់ស្រមោល ខណៈដែលបានដឹងមុន។
បើទោះបីបែបណាក្នុងសកម្មភាពបង្ក្រាបនាពេលនេះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួនពីរ គឺស្រុកមោងឫស្សី និងស្រុកសង្កែ បានសំណូមពរដល់អាជ្ញាធរថ្នាក់ខេត្ត និងសមត្ថកិច្ចជំនាញ ត្រូវតែឃាត់ខ្លួនឈ្មួញយកទៅទទួលទោសចំពោះមុខច្បាប់ និងស្រាវជ្រាវរកមន្ត្រី ដែលបានឃុបឃិតនៅពីក្រោយដោយប្រយោលផងដែរ ដើម្បីជាការព្រមានដល់អ្នកក្រោយផ្សេងទៀត។
ការសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបែបនេះ ដោយពួកគាត់បានបង្ហើប និងអះអាងឲ្យកម្ពុជាថ្មីដឹងបន្តថា ឈ្មួញដែលយកគ្រឿងចក្រទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ដែលបានបង្ក្រាបខាងលើនេះមានឈ្មោះ (ឃឺត) រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយផ្ទៃដីដែលឈ្មួញរូបនេះទន្ទ្រានយកមានប្រមាណជា៣០០ហិkតា។
ពួកគាត់បានបញ្ជាក់ដែរថា ខណៈរដូវប្រាំងចូលមកដល់ ដីព្រៃលិចទឹករាប់រយហិកតា ដែលជាជម្រកសត្វត្រីនៅក្នុងតំបន់២ និងតំបន់បី នៃស្រុកសង្កែ និងស្រុកមោងឫស្សី តែងតែត្រូវបានក្រុមឈ្មួញនាំគ្នាសម្រុកប្រើគ្រឿងចក្រ ទន្ទ្រានយកធ្វើកម្មសិទ្ធិរៀងៗខ្លួនយ៉ាងអនាធិបតេយ្យ ដោយកន្លងមកអាជ្ញាធរ និងមន្ត្រីជំនាញ មិនដែលចុះទប់ស្កាត់ ឬបង្ក្រាបឡើយ បើទោះបីសកម្មភាពល្មើសនោះមិនលាក់កំបាំងក៏ដោយចុះ។
ប្រជាពលរដ្ឋ សំណូមពរបន្ថែមឲ្យសកម្មភាព នៃការបង្ក្រាបនេះ នៅតែបន្តលើគោលដៅសំខាន់ទាំងពីរស្រុក គឺស្រុកមោងឫស្សី និងស្រុកសង្កែបន្តទៀត បើសិនជាចង់រក្សាតំបន់ព្រៃដីលិចទឹកឲ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍រួមរបស់មនុស្សទូទៅ៕
Source: Kampuchea Thmey Daily
0 Comments