ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា ទោះបីជាប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេសក៏ពិតមែន ក៏កងទ័ពនៅតែមានតួនាទីតែងតែឈានមុខរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលានិងប្តូរអាយុជីវិតដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ មិនអោយជនណាមួយបំផ្លាញដាច់ខាត។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខណៈអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី"សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល"ដែលបានប្រារព្ធនៅវិមានសន្តិភាព។
នៅក្នុងឱកាសសសិក្ខាសាលានាថ្ងៃនេះដែរ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិនិងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រី ភាពមានប្រសាសន៍បញ្ជាក់ថា, គោល បំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធ មេត្រីភាពរយៈពេល៣ឆ្នាំកន្លងមក ដើម្បី លើក ទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឲ្យធ្វើសកម្មភាព ពង្រឹងការងារសម្ព័ន្ធមេត្រី ភាព ឲ្យបានសកម្មបន្ថែមទៀត។ ពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រី ភាពនិងតម្រង់ទិសឲ្យមានគុណប្រយោជន៍ ជាយុទ្ធសាស្ត្រយូរអង្វែង កៀរគរទាក់ទាញ ឲ្យបានច្រើនបន្ថែមទៀត នូវការ ចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រី ភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ ទៅរស់នៅ ក្នុងសង្គមស៊ីវិល។
ការងារសម្ព័ន្ធមេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តឲ្យស្ថិតនៅជាប្រពៃល្អផូរផង់ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទបានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបម្រើឲ្យភូមិឃុំ មានសុវត្ថិភាព។
បច្ចុប្បន្នការងារសម្ព័ន្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជននិងសប្បុរសជន សរុបចំនួន៣២០បាន ចង សម្ព័ន្ធមេត្រីភាព ជាមួយ៨៩កងឯកភាពនៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើក ឡើងថា ;សិក្ខា សាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងជំរុញការយកចិត្តទុកដាក់ដល់ការ អនុវត្តការងារសម្ព័ន្ធមេត្រីភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់ ហើយក៏ជាឱកាសមួយដើម្បីពិនិត្យវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លងមក អ្វីដែលយើងអនុវត្តមិនទាន់បាន បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិសដៅភារកិច្ចសម្រាប់អនុវត្តនាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យតាមគោលដៅដែលអង្គសិក្ខាសាលា។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងកិច្ចការពារជាតិ ដោយស្មារតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ។ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំដែងការអបអរ សាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លង មករបស់អង្គភាពកងទ័ព និងកងនគរបាលជាតិ ដែលបានបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈមោះមុត វិន័យថ្លៃថ្នូរ ស្មារតីស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់អាចក្លាហាន ដោយឈរជើងយ៉ាងរឹងមាំត្រៀមការពារទឹកដីយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៍បញ្ជាក់ទៀតថា, ទោះជា ពេលប្រទេសជាតិមានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់អាវុធ ទាំងអស់មានតួនាទីតែងតែឈានមុខរួមសុខរួមទុក្ខ ជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាក គ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេសនៅពេលប្រជាជនជួបការលំបាក ដូចជាពេលមានគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ដូចគ្នាដែរប្រជាជន និងស្ថាប័នអង្គភាពស៊ីវិលក៏ត្រូវមានតួនាទីសំខាន់រួមចំណែក ក្នុងចលនាការពារជាតិរបស់យើង ពោលគឺជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់ផ្គង់កម្លាំងជ្រើសរើសទ័ព ប្រភពនៃកម្លាំងធនធាន និងការលើកទឹកចិត្តដល់កងទ័ព។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដីសម្រេចស្ដីពីការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្នុងគោលបំណងលើកទឹកចិត្តស្ថាប័ន អង្គភាពស៊ីវិល ឲ្យរួមចំណែក ក្នុងវិស័យការពារជាតិ និងជួយដោះស្រាយការលំបាកនានា របស់អង្គភាពកងកម្លាំងប្រដាប់អាវុធយើង ឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា រួមចំណែកការពារជាតិមាតុភូមិ។
ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួបសំណេះសំណាល ផ្តល់ជំនួយ ជាស្បៀងអាហារ អាវភ្លៀង អាវរងា សម្ភារៈផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្ដល់ថវិកា ជាច្រើនដល់អង្គភាពកងទ័ព និងកងនគរបាលយើងចុះសួរសុខទុក្ខកង កម្លាំងប្រដាប់អាវុធយើង ដល់ទីតាំងឈរជើង យ៉ាងស្រស្រាក់សស្រាំ។ បើគិតជាថវិកាមានចំនួនរាប់រយលានដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments