Ad Code

ដើរ​ហាត់ប្រាណ​ចង់បាន​សុខភាពល្អ ​អាយុ​វែង តែ​ត្រូវ​អាយុ​ខ្លី​ ដោយសារ​ម៉ូតូ​បុក​ស្លាប់​ទៅវិញ​



​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​កំពុង​ដើរ​ហាត់ប្រាណ​តាម​ផ្លូវ ត្រូវ​បាន​ម៉ូតូ​កង់​បី​ឥណ្ឌា បើក​មក​បុក​ពីក្រោយ ហើយ​បើក​រត់គេច​ទៅ​បាត់ស្រមោល បន្សល់ទុក​សព​នៅ​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៩​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចម្ការ​ឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​មហាជន​លើកឡើងថា ជីវិត​ពិតជា​មើលមិនឃើញ​មែន ដូចជា​ករណី​សព​ជនរងគ្រោះ​នេះ​អីចឹង គាត់​ខំ​ដើរ​ហាត់ប្រាណ​ដើម្បី​សុខភាព ​ព្រោះតែ​ចង់បាន​អាយុ​វែង​យឺនយូរ​តទៅទៀត ​តែ​មិនគួរ​ណា ចៃដន្យ​បែរជា​ក្លាយ​ជា​អាយុ​ខ្លី ដោយសារ​ម៉ូតូ​កង់​បី​បើក​មក​បុក​ដូច្នោះ​ទេ។​

សព​ស្ត្រី​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ ភ្លាមៗ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ មានឈ្មោះ យ៉ែម សារី ហៅ​អូន អាយុ​៦១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ជាមួយ​កូន ​នៅ​ភូមិ​ចម្ការ​ឪឡឹក​២ ខណ្ឌ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួន​ស្នាក់នៅ​ជាមួយ​កូន​ម្នាក់ទៀត នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ស្រុកកំណើត​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​

យោងតាម​សម្តី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ជួន​ស្នាក់នៅ​ជាមួយ​កូន​នៅ​ស្រុក​អង្គស្នួល ជួន​មក​ស្នាក់នៅ​ជា​មួយ​កូន​នៅ​ក្នុងភូមិ​ចម្ការ​ឪឡឹក​២ ហើយ​ជនរងគ្រោះ បន្ទាប់ពី​មក​ស្នាក់នៅ​ជា​មួយ​កូន​នៅទីនេះ ជួយ​មើលថែ​ចៅៗ ជា​រៀងរាល់​ព្រឹក និង​តែងតែ​ដើរ​ហាត់ប្រាណ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ គាត់​ដើរចេញ​ក្រៅ​ហាត់ប្រាណ​តាម​ផ្លូវ​ដូច​សព្វដង ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង។​

តែបើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ដើរ​ហាត់ប្រាណ តាមផ្លូវ​បេតុង​ខាងលើ ពី​ជើង​ទៅ​ត្បូង អស់​មួយសន្ទុះ ក៏បាន​ដើរ​វិល​ត្រឡប់មកវិញ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ឆ្លៀត​ចូល​ទិញ​នំ​ឆា​ខ្វៃ​ចំនួន​២​គូ កាន់​នៅ​ដៃ​ផង លុះ​ដើរ​ដល់​ចំណុច​កើតហេតុ ស្រាប់​តែមាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស មួយគ្រឿង បើក​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស បុក​ពីក្រោយ ផ្លោង​រមៀល ជនរងគ្រោះ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ហើយ​ម៉ូតូ​បង្ក បន្ថែម​ល្បឿន​បើក​រត់​ទៅ​ទិស​ខាងជើង​បាត់ស្រមោល។​

ក្រោយ​កើតហេតុ បន្ទាប់ពី​ស្លាប់​ស្ត្រី​ដើរ​ហាត់ប្រាណ​ម្នាក់​ផ្អើល​ពលរដ្ឋ សមត្ថកិច្ច​ចុះទៅពិនិត្យ​ដល់​កន្លែង ទើប​រក​ក្រុមគ្រួសារ​ឃើញ ​គឺជា​ពលរដ្ឋ​ដែល​ស្នាក់នៅ​កន្លែងកើតហេតុ​ ហើយ​ភាគី​បង្ក​បាន​គេច​ខ្លួនបាត់ ។​

បច្ចុប្បន្ន​ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu