Ad Code

ក្រសួង​មុខងារសាធារណៈ​ត្រៀម​បើកប្រាក់​បៀវត្សរ៍​ដំបូង​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ



ភ្នំពេញ ​៖ លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ដែល​នៅ​មិន​ទាន់​បាន​ផ្ញើ​របាយការណ៍​មន្ត្រី​ជាប់កិច្ចសន្យា​ត្រូវ​រួសរាន់​ធ្វើ​មកកាន់​ក្រសួង​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ឲ្យ​ក្រសួង​បើកប្រាក់​បៀវត្សរ៍​ជូន​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​ឲ្យ​បាន​មុន​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ ដែល​នឹង​ឈាន​ចូល​មកដល់​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ​។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ​និង ​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រសួង​មុខងារសាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩ ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក កិត្តិ​បណ្ឌិត ពេ ជ្រ ប៊ុនធិន បាន​មានប្រសាសន៍ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​ក្រសួង​ស្ថាប័ន​ចំនួន​២៨​ប៉ុណ្ណោះ​ បាន​ធ្វើ​របាយការណ៍​មកកាន់​ក្រសួង​ខណៈ​នៅសល់​៤​ក្រសួង​ស្ថាប័ន​ទៀត​នៅ​មិនទាន់​ធ្វើ​នៅឡើយ​ដែល​ធ្វើ​ឲ្យ​ការ​បើកប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​មានការ​យឺតយ៉ាវ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ចំណែក​ខាង​ក្រសួង​មុខងារសាធារណៈ​បាន​បើក​ប្រព័ន្ធ​បញ្ចូល​លុយ​ចំហ​ទុក​សម្រាប់​បើកប្រាក់​ជូន​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​រួចរាល់​ហើយ​រង់​ចាំ​តែ​ក្រសួង​ស្ថាប័ន​ដែល​នៅសល់​ធ្វើ​មក​ឲ្យ​បាន​គ្រប់​តែប៉ុណ្ណោះ​។

ទន្ទឹម​នឹង​នេះ លោក រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​មន្ត្រីរាជការ​មុខងារសាធារណៈ​ដែល​កាន់​ការងារ​ពាក់ព័ន្ធ​ប្រាក់បៀវត្ស​ផ្ទាល់​នេះ​ត្រូវ​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​មិន​ត្រូវ​គិត​ថ្ងៃ​សៅរ៍​ ឬ​ ថ្ងៃអាទិត្យ​ឡើយ​សំដៅ​ធ្វើ​យ៉ាង​ណា​រៀបចំ​បញ្ចូល​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ក្រសួង​ស្ថាប័ន​សេស​សល់​បញ្ជូន​មក​ឲ្យ​បាន​លឿន​និង​ទាន់ពេលវេលា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​ក្នុងករណី​ក្រសួង​ស្ថាប័ន​ណា​ដែល​មិនទាន់​បាន​ធ្វើ​របាយការណ៍​ផ្ញើ​មក​ក្រសួង​ត្រូវ​តេ​សួរនាំ​ដើម្បី​ឲ្យ​ក្រសួង​ស្ថាប័ន​នោះ​ប្រញាប់​ផ្ញើ​មកកាន់​ក្រសួង​ជាបន្ទាន់ ​ព្រោះថា​នៅសល់​១២​ថ្ងៃ​ទៀត​ទេ​ ដែល​មន្ត្រីរាជការ​ជាប់កិច្ចសន្យា​ត្រូវ​បើក​លុយ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ​។

លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន​ បាន​បញ្ជាក់​ថា ​ប្រសិនបើ​យើង​មិនបាន​បើកប្រាក់​បៀវត្សរ៍​ដល់​មន្ត្រីរាជការ​ជាប់កិច្ចសន្យា​ឲ្យ​បាន​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ទេ​ ក្រសួង​ស្ថាប័ន​ដែល​មិន​ទាន់​បាន​ផ្ញើ​របាយកាណ៍​ទាំងនោះ​នឹង​ទទួលរង​នូវ​ការរិះគន់​និង​មិន​ពេញចិត្ត​ពួកគាត់​យ៉ាងខ្លាំង​ពិសេស​តាម​ប្រព័ន្ធ​បណ្តាញ​ហ្វេ​ប៊ុ​ក​។

លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​នេះ​មាន​មន្ត្រីរាជការ​ជាប់កិច្ចសន្យា​ ឬ​ មន្ត្រី​បណ្តែត​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់​ប្រមាណ​២​ម៉ឺន​នាក់​ ដែល​ពួកគេ​នៅ​មិន​ទាន់​បាន​បើកប្រាក់​បៀវត្សរ៍​នៅឡើយ​ទេ​ចាប់តាំងពី​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៩ ​រហូតមកដល់​ពេលនេះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu