ប៉ៃលិន ៖ ថ្លែងក្នុងការប្រារព្ធពិធីយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ដល់អ្នកបញ្ជាយានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បំផុត។
ពិធីនេះ ស្ថិតក្រោមអធិបតីពី លោក ហុក សុផល អភិបាលខេត្តប៉ៃលិនស្ដីទី ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៥០០នាក់។
បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ ចំនួន២នាក់ របួសធ្ងន់ចំនួន១១នាក់, របួសស្រាល ចំនួន១៤នាក់ ,ខូចខាតយានយន្តចំនួន២២គ្រឿង និងធ្វើការត្រួតពិនិត្យលក្ខណៈយានយន្តបច្ចេកទេស បានចំនួន៤០៨គ្រឿង ក្នុងនោះរកឃើញ រថយន្តពុំមានឯកសារគ្រប់គ្រាន់ចំនួន៩៨គ្រឿងផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរ លោក ហុក សុផល អភិបាលខេត្តប៉ៃលិនស្ដីទីបានលើកឡើងថា កន្លងមក អាជ្ញាធរខេត្តប៉ៃលិន ក៏ដូចមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែចុះផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ សាលារៀន ក្រុមហ៊ុន កម្មករ កម្មការិនី ក្នុងខេត្តប៉ៃលិនម្តង ទៅពីរដងរួចមកហើយដែរ ដូច្នេះពេលនេះ យើងនៅតែបន្តទៀត ដោយឲ្យប្រជាពលរដ្ឋឆ្លើយសំនួរដ៏ត្រឹមត្រូវ ទើបមន្ត្រីជំនាញប្រគល់មួកសុវត្ថិភាពឲ្យពួកគាត់យកទៅពាក់។
លោកអភិបាលស្ដីទី ក៏បានបញ្ជាក់ដែរថា ការប្រារព្ធការពាក់មួកសុវត្ថិភាពនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយ នូវច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ នូវអត្ថប្រយោជន៍អំពីការពាក់មួកសុវត្ថិភាព ដោយការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិត យើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពជាដាច់ខាត។
ក្នុងឱកាសនោះដែរ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ដោយជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ បំផុសស្មារតី ដល់អ្នកបញ្ជាយានជំនិះគ្រប់ប្រភេទលើដងផ្លូវសាធារណៈ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ព្រមទាំងពន្យល់ពីផលលំបាកកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និងពីហានិភ័យ នៃការបើកបរ ដោយមិនពាក់មួកសុវត្ថិភាពជាដើម ហើយមន្ត្រីនគរបាលចរាចរណ៍ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ដើម្បីស្ទាក់ចាប់អ្នកបើកបរទោចក្រយាន ដែលមិនពាក់មួកសុវត្ថិភាពយកទៅអប់រំ។
លោកស្រី រដ្ឋលេខាធិការ ក៏បានពន្យល់អំពីគោលការណ៍សីលធម៌ទាំង១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអ្នកដែលចូលរួមក្នុងពិធីយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments