បាត់ដំបង ៖ គ្រឿងចក្រចំនួន២គ្រឿង ដែលបានលួចចូលទៅធ្វើការឈូសឆាយ ក្នុងតំបន់ព្រៃលិចទឹក ( តំបន់ ៣ ) ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការដកហូតដើម្បីប្រគល់ទៅឲ្យអង្គភាពជំនាញ តាមបញ្ជារបស់អាជ្ញាធរ ខណៈដែលកម្លាំងទាំងនេះបានចុះត្រួតពិនិត្យនាពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង១៥នាទីរសៀល គណៈប្រតិភូឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ និង ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ហួន រាជចំរើន បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះ មានលោកអភិបាលស្រុកមោងឫស្សី កម្លាំង នគរបាលស្រុក និង កងរាជអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យតំបន់ព្រៃលិចទឹក ( តំបន់៣ ) ស្ថិតនៅចំណុច អូតាវ៉ាង ក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នៅទីនោះគេសង្កេតឃើញថា ជនឱកាសនិយមបានប្រើប្រាស់គ្រឿងចក្រធ្វើការឈូសឆាយស្ទើរតែគ្មានសល់ដើមឈើមួយដើមទៅហើយ គឺតំបន់ព្រៃរនាម បានក្លាយជាតំបន់វាលល្ហល្ហេវ ដោយបុគ្គលខ្លះបានប្រើគ្រឿងចក្រកាយព័ទ្ធធ្វើជាព្រំដីដើម្បីកាន់កាប់រៀងៗខ្លួនទៅហើយ។
នៅទីនោះ កម្លាំងចម្រុះ បានដកហូតគ្រឿងចក្រចំនួន២គ្រឿង ដែលម្ចាស់បានរត់គេចខ្លួន ហើយទុកចោល ដែលគ្រឿងចក្រទាំងនេះមាន ត្រាក់ទ័រ ១គ្រឿង ផលិតនៅប្រទេសសូវៀត ពណ៌ក្រហម ទុកចោលនៅចំណុច អូតាវ៉ាង ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី និង អេស្កាវ៉ាទ័រកាយដី១ គ្រឿង ទុកចោល នៅចំណុចខ្វែងក្រៅ ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី។
តាមការស្រាវជ្រាវបានឲ្យដឹងថា ត្រាក់ទ័រ ខាងលើ ជារបស់ ឈ្មោះ ឃឿត ភេទប្រុស អាយុប្រហែល ៦៣ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង ដោយបច្ចុប្បន្នកម្លាំងចម្រុះបានធ្វើការដកហូតយកមករក្សាទុកហើយ។
បើទោះបីជាមានការចុះបង្ក្រាបករណីឈូសឆាយដីព្រៃលិចទឹក នៅក្នុងតំបន់ខាងលើក៏ដោយ ក៏ប្រភពជាច្រើនបានរិះគន់ថា អ្នកដែលមានខ្នងនៅតែបន្តការឈូសឆាយដដែល ដោយគ្រាន់តែលាក់ខ្លួនមួយរយៈនៅពេលដែលគេដឹងថា មានការចុះត្រួតពិនិត្យពីកម្លាំងចម្រុះតែប៉ុណ្ណោះ ក្រោយពីកម្លាំងដកថយ គេក៏ចេញមុខធ្វើសកម្មភាពដដែល។
មុខសញ្ញាដែលមានខ្នង មានខ្សែនេះមាន ឈ្មោះ ថាន់ ស៊ន រស់នៅក្នុងតំបន់ខាងលើ ដែលបច្ចុប្បន្នគេមានបើកស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅក្នុងឃុំព្រៃតូច ហើយបងប្រុសរបស់គេ គឺជាលោកមេឃុំជ្រៃតែម្តង ដូច្នេះហើយបានជាគេបើកដៃយ៉ាងទូលំទូលាយបែបនេះ។
ជុំវិញបញ្ហានេះដែរ ប្រភពទាំងនេះ ក៏បានសំណូមពរដល់លោកអភិបាលស្រុកមោងឬស្សី ដែលទើបនឹងឡើងកាន់តំណែងថ្មី មេត្តាពិនិត្យឡើងវិញទៅលើសមាសភាពរបស់លោកមេឃុំជ្រៃថា តើគេពិតជាមានការឃុបឃិត បើកភ្លើងខៀវឲ្យប្អូនប្រុសរបស់គេធ្វើសកម្មភាពមែន ឬអត់ បើមានមែន សូមលោកអភិបាលស្រុក ជួយដុសក្អែលឲ្យគាត់ផង បើមិនដូច្នោះទេ លោកអភិបាលស្រុក ក៏នឹងត្រូវគេពេបជ្រាយដែរហើយ ព្រោះចាប់គ្រឿងចក្រមិនមានភាពសុក្រឹត៕
Source: Kampuchea Thmey Daily
0 Comments