បន្ទាប់ពីមានប្រតិកម្ម និង ការលើកឡើងថា ប្រាក់រង្វាន់មេដាយមាសរបស់កីឡាកាយវប្បកម្មកម្ពុជាត្រូវក្រសួងអប់រំ យុវជន និង កីឡា ស៊ីដាច់អស់១០០លានរៀលនោះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានធ្វើសន្និសីទកាសែតមួយ កាលពីល្ងាចថ្ងៃទី៨មីនា ដើម្បីពន្យល់ពីបញ្ហានេះ។
នៅចំពោះមុខអ្នកកាសែត លោកអគ្គនាយកកីឡាបានពន្យល់ថា នៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភី និង ប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិលេខ៥៣២ អនក្រ-បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលស៊ីញ៉េដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ពុំមានចែងស្ដីពីការផ្ដល់រង្វាន់ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍បែបនេះទេ។ គឺមានចែងតែ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) ការប្រកួតកីឡាអាស៊ីរដូវក្ដៅ និងរដូវរងា(ASIAN Games) និងកីឡាអូឡាំពិកទាំងរដូវក្ដៅ និងរងា(Olympic Games)តែប៉ុណ្ណោះ។
តែនៅក្នុងមាត្រាទី៧ នៃអនុក្រឹត្យនោះ បានចែងថា ជ័យលាភីឯកត្តជន ឬ ក្រុមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិក្រៅពីការប្រកួតដូចមានចែងក្នុងមាត្រា៣ ដែលមាន(ស៊ីហ្គេម កីឡាអាស៊ី និង កីឡាអូឡាំពិក) ត្រូវបានផ្ដល់ប្រាក់រង្វាន់តាមប្រកាសអន្តរក្រសួង ស្ដីពីគោលការណ៍សម្រាប់ហ្វឹកហាត់ និងការប្រកួតកីឡាជាផ្លូវការគ្រប់ប្រភេទប្រចាំឆ្នាំ។
នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងលេខ៧១៦ សហវ-ប្រក ស្ដីពីគោលការណ៍សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ និង ការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រង់ចំណុច(ខ) ស្ដីពីប្រាក់រង្វាន់លើកទឹកចិត្តកីឡាករ-កីឡាការិនីជើងឯកតាមប្រភេទកីឡា(Championship) ត្រង់ចំណុច(ខ១) ស្ដីពីការប្រកួតជើងឯកពិភពលោកបានបញ្ជាក់ថា រង្វាន់មេដាយមាសបាន២០.០០០.០០០រៀល មេដាយប្រាក់បាន១៦.០០០.០០០រៀល និង មេដាយសំរឹទ្ធបាន១៣.០០០.០០០រៀល។
រង្វាន់២០.០០០.០០០រៀល គឺជារង្វាន់ ដែលកីឡាករសំបូរ សុភណ្ឌ បានទទួលដោយត្រឹមត្រូវពីរដ្ឋាភិបាលតាមរយៈសេចក្ដីប្រកាសអន្តរក្រសួងនេះ។
លោក អ៊ុក សិទ្ធិជាតិ អះអាងថា នេះជារង្វាន់របស់រដ្ឋាភិបាល ដែលផ្ដល់តាមសេចក្ដីប្រកាសអន្តរក្រសួង រូបលោក និង ក្រសួងអប់រំយុវជន និង កីឡាធ្វើអ្វីៗស្រប ទៅតាមគោលការណ៍ដែលកំណត់ទាំងអស់មិនមែនក្រសួងអប់រំយុវជន និង កីឡាលេបប្រាក់រង្វាន់កីឡាកររូបនេះអស់ ១០០.០០០.០០០រៀលនោះទេ។
សូមបញ្ជាក់ថា កីឡាករកាយវប្បកម្មកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា 10thWBPF World Competition 11-17December 2018 Chiangmai city Thailand ដោយកីឡាករកម្ពុជាមួយរូបឈ្មោះ សំបូរ សុភណ្ឌ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាMen Sports Physique Up to 175 Cm។
ជាមួយនឹងជ័យជំនះនេះ កីឡារូបនេះ និង គ្រូបង្វឹក គឺ លោក ស៊ឹម សុភមង្គលរស្មី ដែលជាប្រធានសហព័ន្ធផងនោះ បានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។
មេដាយមាស នៃព្រឹត្តិការណ៍នេះ បានទទួលរង្វាន់លើកទឹកចិត្តចំនួន២០.០០០.០០០រៀល ឯ គ្រូបង្វឹក ក៏បានការលើកទឹកចិត្ត២០.០០០.០០០រៀលដែរ។
បន្ទាប់ពីបានទទួលរង្វាន់ហើយនោះ ទាំងគ្រូបង្វឹក ដែលជាប្រធានសហព័ន្ធផងនោះ និង កីឡាករ សំបូរ សុភណ្ឌ បានប្រតិកម្មថា ក្រសួងអប់រំកិបកេងលុយរង្វាន់របស់ពួកគេអស់១០០.០០០.០០០រៀល ព្រោះរង្វាន់របស់ពួកគេ ដែលត្រូវបាននោះមានចំនួន១២០.០០០.០០០រៀលឯណោះ។
ជាមួយនឹងប្រតិកម្មបែបនេះ បានធ្វើឲ្យបណ្ដាញហ្វេសប៊ុកមួយចំនួន បានបន្ទរតាមទាំងមិនបានដឹងថា តើការប្រកួតក្នុងព្រឹត្តិការណ៍បែបណាបានទទួលរង្វាន់ប៉ុណ្ណាៗនោះ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បានកោះហៅសហព័ន្ធ រួមជាមួយសមាជិកប្រតិបត្តិ និង សាមីកីឡាករផ្ទាល់មកបំភ្លឺតែអ្វីៗហាក់ដូចជា មិនទាន់ស្ងប់នៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments