Ad Code

វី​ង ​និង ឌី អេ​ហ្វ អាយ ឡាក់​គី សហការ​គ្នា​ផ្ដល់​ការ​ទូទាត់ ដោយ​ពុំ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដល់​អតិថិជន ​និង​អ្នកផ្គត់ផ្គង់​របស់​ខ្លួន​



ភ្នំពេញ ​៖​ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្ដល់​សេវាកម្ម​ធនាគារ​ចល័ត ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា បានប្រកាស​អំពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាមួយ​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី (DFI Lucky) ដែលជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្សារ​ទំនើប​ឈានមុខ​គេ និង​ធំ​បំផុត​មួយ​នៅ​កម្ពុជា ក្នុងការ​ផ្តល់ជូន​ចំពោះ​អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី និង Guardian ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន នូវ​ភាពងាយស្រួល​ក្នុង​ការទូទាត់​ថ្លៃទំនិញ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់ (Cashless Payment)។​

អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី ក៏ដូចជា Guardian អាចធ្វើ​ការទូទាត់ បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ជាមួយ​សេវាកម្ម WingPay របស់​វី​ង តាមរយៈ​ទូរស័ព្ទដៃ ឬ​ប្រើប្រាស់​កាត​គណនី​វី។

អត្ថប្រយោជន៍​សម្រាប់​អតិថិជន​ផ្សារ​ទំនើប​ឡាក់​គី និង​ក៏ដូចជា​ផ្សារ​ទំនើប​ឡាក់​គី គឺ​ផ្តល់នូវ​បទ​ពិសោធន៍​ថ្មី ​ពាក់ព័ន្ធ​នឹង​ដំណើរការ នៃ​ការ​ទូទាត់​នៅ​កន្លែង​គិត​ប្រាក់ ដែល​អតិថិជន​នឹងមិន​ជួបប្រទះ​ភារ​រំខាន​ក្នុង​ការរង់ចាំ​លុយ​អាប់​, កាត់បន្ថយ​ហានិភ័យ​នានា​ជុំវិញ​ការទូទាត់​ដោយ​ប្រើ​ក្រដាស​ប្រាក់ និង​ផ្តល់​ជម្រើស​ទូទាត់​សមស្រប​បន្ថែមទៀត សម្រាប់​តម្រូវការ​រប​ស់​អតិថិជន ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​ផងដែរ​។​

លើសពីនេះ​ទៀត វី​ង ក៏​ផ្ដល់ជូន​ផ្សារ​ទំនើប​ឡាក់​គី នូវ​មធ្យោបាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ភ្លាមៗ ដល់​អ្នកផ្គត់ផ្គង់​រប​ស់​ខ្លួន​។ ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស់ប្រាក់ ផ្តល់​អត្ថប្រយោជន៍ ទាំង​ផ្សារ​ទំនើប​ឡាក់​គី និង​អ្នកផ្គត់ផ្គង់​ផលិតផល​សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី ដោយសារតែ​វា​ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​នានា ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ក្រដាស​ប្រាក់ ក៏ដូចជា​ហានិភ័យ​ នៃ​ការបាត់បង់​សាច់​ប្រាក់​ផ្សេងៗ។ ម្យ៉ាងវិញទៀត ការ​ទូទាត់​លើ​ផលិតផល​ត្រូវបាន​បញ្ចូល​ភ្លាមៗ ទៅ​ក្នុង​គណនី​វី​ង​របស់​អ្នកផ្គត់ផ្គង់ ដើម្បី​ឲ្យ​​ពួកគេ​អាច​ប្រើ​វា​បាន​ភ្លាមៗ សម្រាប់​តម្រូវការ​អាជីវ​កម្ម​របស់​ពួកគេ​ផងដែរ​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានប្រសាសន៍ថា ភាពជា​ដៃគូ​រវាង វី​ង និង​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង ក្នុងការ​ពង្រីក​សេវា​ទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ នៅ​ទូទាំងប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល សម្រាប់​អតិថិជន និង​អាជីវកម្ម ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិ​ការទូទាត់​របស់​ពួកគេ សម្រាប់​ប្រតិបត្តិ​ការ​ទូទាត់​ប្រាក់​ជា​រៀងរាល់ថ្ងៃ ឬ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​រវាង​អាជីវកម្ម​ និង​អាជីវកម្ម។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​ ៖ “​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​របស់ វី​ង គឺ​ដើម្បី​បង្កើត​និង​កសាង​ប្រព័ន្ធ​អេកូ​ នៃ​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ការធ្វើ​បែប​នេះ យើង​ជួយ​បង្កើត​ផលប្រយោជន៍​ភ្លាមៗ សម្រាប់​អ្នកប្រើប្រាស់ ដែល​កំពុង​ស្វែងរក​នូវ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដែល​ងាយស្រួល ដូចជា​ការទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ការទូទាត់​តាម​ឌីជីថល ខណៈពេល​ជាមួយគ្នានេះ បាន​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ធំ​ជាង​មុន ព្រោះ​ទឹកប្រាក់​ត្រូវបាន ប្រើ​ប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះមុខ​ជំនួញ និង​គោលបំណង​ផ្ទាល់ខ្លួន​។​”

លោក Stephane Pariente នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី បាន​មានប្រសាសន៍​អំពី​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ វី​ង ថា បច្ចេកវិទ្យា​ទំនើប និង​ជឿទុកចិត្ត​របស់ វី​ង និង​ភាព​ឈានមុខ​គេ​ក្នុងការ​ទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ឌីជីថល រឹតតែ​នាំ​ឲ្យ​គាត់​មាន​ទំនុកចិត្ត​រឹតតែ​ខ្លាំង​ចំពោះ​ភាពជា​ដៃគូ​នេះ​។​

លោក Pariente បាន​លើកឡើងថា ​ក្រុមហ៊ុន DFI Lucky មាន​យុទ្ធសាស្ត្រ​អាទិភាព​មួយ គឺ​ផ្តល់ជូន​នូវ​ផលិតផល​ល្អឥតខ្ចោះ និង​ជានិច្ចកាល​បម្រើ​ជូន​អតិថិជន និង​អ្នក​ផ្គត់​ផ្គង​មូលដ្ឋាន ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស ឲ្យ​បាន​ល្អ​បំផុត​។ ដៃគូ ដែល​យើង​ធ្វើការ​ជាមួយ ត្រូវតែមាន​ការ​ប្ដេជ្ញា​ចិត្ត​ដូចគ្នា ចំពោះ​គុណភាព សេវាកម្ម​អតិថិជន និង​ភាព​ច្នៃប្រឌិត​។

លោក​បាន​បន្តថា ​វី​ង បាន​ឈរជើង​ជា​អ្នក​នាំមុខគេ​យ៉ាងច្បាស់ លើ​សេវាកម្ម​ទូទាត់ ​ដោយ​ពុំ​ប្រើ​ប្រាស់​ក្រដាសប្រាក់ និង​ធ្វើជា​ដៃគូ​យូរអង្វែង​សម្រាប់​យើង​។ វី​ង ក៏បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង សម្រាប់​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី និង​អ្នកផ្គត់ផ្គង់​ផលិត​របស់​យើង ក្នុងការ​ធ្វើការ​រួម​គ្នា ព្រោះ​យើង​នឹង​ទូទាត់​វិក្កយបត្រ​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ ដែល​វា​បាន​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ចំណាយ​ផ្សេងៗ​លើ​ការទូទាត់​វិក្កយបត្រ និង​ការប្រមូលប្រាក់ ហើយ​អ្នកផ្គត់ផ្គង់​ទទួល​បាន​ការទូទាត់​លើ​ផលិតផល​ដែល​ពួកគេ​ផ្គត់ផ្គង់​មក​យើង ដោយ​ផ្ទាល់ ​ទៅ​ក្នុង​គណនី​វី​ងរ​បស់​ពួកគេ​។​

ដើម្បី​ចូលរួម​អបអរសាទរ ចំពោះ​ភាពជា​ដៃគូ​នេះ អ្នកប្រើប្រាស់​គណនី​វី​ង នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥% នៅពេលដែល​ពួកគេ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឡាក់​គី ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៩។

គួរ​បញ្ជាក់ថា ​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេឡិចត្រូនិក នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សេវា​គ្របដណ្ដប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំងប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០០០០ កន្លែង រួមទាំង​ក្រុមហ៊ុន​ធំ​ដូចជា Mastercard និង WorldRemit។

លើសពីនេះ​ទៀត​ សហគ្រាស​ធុន​តូច​ និង​មធ្យម ក៏ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់​បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​ទូទាត់ របស់ខ្លួន​។​

ចំណែក​ក្រុមហ៊ុន DFI Lucky ដំណើរការ​ផ្សារ​ទំនើប​យីហោ​ធំៗ ចំនួន២ រួមមាន ​ផ្សារ​ទំនើប​ឡាក់​គី និង​Guardian ដែល​នៅពេល​បច្ចុប្បន្ននេះ មាន​ផ្សារ​ទំនើប​ឡាក់​គី ចំនួន១៨ ហាង​លក់​សម្ភារៈ​សុខភាព​ និង​សម្ផស្ស​ចំនួន​១១ ដែល​សរុប​ទាំងអស់​មាន​ចំនួន​២៩​សាខា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu