Ad Code

សហរដ្ឋអាមេរិក ​នៅតែ​មាន​ក្តី​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន



មន្ត្រី​អាមេរិក​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ ខណៈ​យោធា​របស់​ប្រទេស​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ទាំ​ង​ពីរ​នៅតែ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​, ជិត​បី​សប្តាហ៍​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

មន្ត្រី​ដដែល​ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា រដ្ឋបាល​របស់លោក Trump មិន​គិតថា ប្រទេស​ប៉ា​គី​ស្ថាន​បាន​បង្ក្រាប​លើ​ក្រុម​ជ្រុលនិយម​ឥស្លាម​ដែល​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ទៅលើ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​កាលពី​ខែ​មុន​ទេ​។​

មន្ត្រី​ដែល​បាន​ប្រាប់​អ្នកកាសែត​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា “​ប្រសិនបើ​មានការ​វាយប្រហារ​ដោយ​ភេរវ​ករ​បន្ថែមទៀត​ទាំង​ប៉ា​គី​ស្ថាន​មិនបាន​ខិតខំ​ប្រឹងប្រែង​ដោយស្មោះ​ស្ម័គ្រ​ប្រឆាំងនឹង​ក្រុម​ទាំង​នេះនោះ វា​នឹងមាន​បញ្ហា​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ​វា​នឹង​បង្ក​ឲ្យ​មានការ​កើនឡើង​ជាថ្មី​នៃ​ភាព​តានតឹង​”​។​

ការអត្ថាធិប្បាយ​របស់​មន្ត្រី​រូបនេះ​បាន​គូសបញ្ជាក់​អំពី​ទស្សនៈ​របស់​រដ្ឋបាល​លោក Trump ដែលថា ការផ្តល់​ទីជម្រក​ដល់​ក្រុម​ជ្រុលនិយម​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន​គឺ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​ចុងក្រោយ​បំផុត​នេះ​។​

វិបត្តិ​នេះ​បាន​ផ្ទុះឡើង​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​នៅ​ខាង​ភាគី​ឥណ្ឌា​នៃ​តំបន់​កា​ស្មៀ​រដែ​ល​បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ចំនួន​៤០​នាក់​ហើយ​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Mohammed ដែលជា​ក្រុម​មួយ​ត្រូវបាន​មន្ត្រី​អាមេរិក​ចោទប្រកាន់ថា ត្រូវ​បានផ្តល់​ទីជ្រកកោន​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន​។ ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ឥ​ស្លា​ម៉ា​បាដ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ ប្រទេស​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​អាកាស​លើកដំបូង​ដែល​មិន​ធ្លាប់មាន​ពីមុន​មកលើ​ជំរំ​ហ្វឹកហាត់​ជ្រុលនិយម​មួយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ នៅ​ថ្ងៃ​បន្ទាប់ យន្តហោះ​ប៉ា​គី​ស្ថាន​បាន​សងសឹក​វិញ​ប្រឆាំងនឹង​គោលដៅ​នានា​នៅ​តំបន់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​។​

នៅក្នុង​ការប៉ះទង្គិច​គ្នា​ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​១៩៧១​មក​, ប្រទេស​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​មួយគ្រឿង​និង​បាន​ចាប់យក​ភី​ឡុ​ត​។​

រដ្ឋបាល​លោក Trump ដែល​ត្រូវបាន​គាំទ្រ​ដោយ​មហាអំណាច​ដទៃទៀត​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​បញ្ចៀស​នូវ​អំពើ​ហឹ​ង្សា​បន្ថែមទៀត​ចំពេល​ដែលមាន​ការភ័យខ្លាច​អំពី​សង្គ្រាម​នុយក្លេអ៊ែរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu