Ad Code

ខឹង​ជនរងគ្រោះ​មិន​ឲ្យ​ជក់​ថ្នាំញៀន​ ផ្លោះ​របង​ចូល​មក​វាយ​កូនតូចៗ​៣​នាក់ ​រួច​ចាក់​ម្តាយ១​កាំបិត​បាក់​ជាប់​ក្នុង​ពោះ ​រង​របួស​ធ្ងន់​



​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ខឹង​ម្តាយ​ក្មេង​ដេញ​មិន​ឲ្យ​ជក់​ថ្នាំញៀន​ក្នុងផ្ទះ​របស់ខ្លួន​ ផ្លោះ​របង​ចូល​វាយ​កូនស្រី​ អាយុ​១១​ឆ្នាំ​ បណ្តាល​ឲ្យ​រងរបួស​ជាំមុខ ខណៈ​ម្ដាយ​ និង​ប្អូន​តូចៗ​២​នាក់​ទៀត ​មក​ទាន់​ត្រូវ​ស្ត្រី​ជា​ម្តាយ​ចាក់​ជនសង្ស័យ​​មួយ​កាំបិត រួច​ជនសង្ស័យ​ ចាប់​កាំបិត​បាន​ ចាក់​ទៅ​លើ​ស្ត្រី​ជា​ម្តាយ​បាក់​កាំបិត​ជាប់​ពោះ​ របួសធ្ងន់ ​និង​វាយ​កូនប្រុស​/ស្រី​៣​នាក់​ របួសស្រាល​។

​ហេតុការណ៍​នេះ ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២និង​២០​នាទី​រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​វត្ត​ប្រជុំ​សាគរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។​

​ស្ត្រី​ដែល​រងរបួស​ធ្ងន់​ ឈ្មោះ​ សៅ យឿន ​អាយុ​២៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ប្តី​ ឈ្មោះ ​ឈួន សម្បត្តិ​អាយុ​៣៧​ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ មាន​កូន​ប្រុស/​ស្រី ​ក្នុងបន្ទុក​៣​នាក់​ កូនស្រី​បង​គេ​មាន​អាយុ​១១​ឆ្នាំ​ ជា​កូន​រង​គ្រោះ ​ជាំមុខ​។

​បើតាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា នៅពេល​កើតហេតុ មាន​ជនសង្ស័យ​មួយក្រុម​បាននាំគ្នា​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំញៀន​នៅក្នុង​ផ្ទះ​របស់​គាត់ ឃើញ​ដូច​នោះ ​គាត់​ក៏​ដេញ​ពួកវា​ចេញ ពេលនោះ​ជនសង្ស័យ ​ក៏​ផ្លោះ​របង​រត់​ទៅ​ជក់​ក្នុង​ចេតិយ មួយសន្ទុះ​ក្រោយ​ ខណៈ​គាត់​មិន​នៅ ជន​សង្ស័យ ក៏​ផ្លោះ​របង​ចូលមក​វិញ ស្រាប់តែ​វាយ​កូនស្រី​គាត់​តែម្តង ឃើញ​ដូច្នោះ ​ស្ត្រី​ជា​ម្តាយ ​ក៏​ស្ទុះ​យក​កាំបិត​ចុង​ស្រួច​ទៅ​ចាក់​ជនសង្ស័យ ត្រូវ​២​ ទៅ​៣​កាំបិត ហើយ​ជនសង្ស័យ​ បាន​ប្រតាយប្រតប់​គ្នា​ ដណ្តើម​បាន​កាំបិត​ ចាក់​ស្ត្រី​រងគ្រោះ​វិញ ​ត្រូវ​១​កាំបិត​លិច​បាក់​ជាប់​កាំបិត​ក្នុង​ពោះ​ ​របួសធ្ងន់​ដោយ​កូនប្រុស​/ស្រី​តូចៗ​ឲ្យ​៣​នាក់​ទៀត ​បាន​រងរបួស​ទាំងអស់​៤​នាក់ បន្ទាប់មក​ត្រូវបាន​អ្នក​ជិត​ខាង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត។

តាម​សម្ដី​បុរស​ជា​ប្ដី និង​ឪពុក​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​រូបគាត់​ បាន​ទៅ​ធ្វើការ​សន្តិសុខ​ឯកជន ហើយ​ប្រពន្ធ និង​កូនប្រុស/​ស្រី​៣​នាក់ ​ស្នាក់​នៅផ្ទះ​ក្នុង​បរិវេណ​វត្ត​ខាងលើ។
ក្រោយមក​ ប្រពន្ធ​គាត់​ខ​ល​ប្រាប់​ថា មាន​គ្រោះថ្នាក់​ត្រូវ​គេ​ចាក់​រូប​គាត់ និង​វាយ​កូនតូចៗ បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​៤​នាក់​ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

​បើតាម​ប្រភព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​អ្នកជិតខាង គេ​បាន​សង្កេត​គេ​ឃើញ​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ម្នា​ក់ បាន​ឡើង​របង​ផ្លោះ​ចូល​ក្នុង​បរិវេណ​វត្ត​។ យ៉ាងណា​ សមត្ថកិច្ច​ ក៏បាន​ដឹង​ហើយ ​ដោយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ​ និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu