Ad Code

កម្ពុជា​ស្នើ​ប្រតិភូ​ចិន​ខេត្ត​យូ​ណាន បង្កើន​ការ​វិនិយោគ និង​បន្ថែម​ស្តង់​ពិព័រណ៍​ដល់​កម្ពុជា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម



ភ្នំពេញ ​៖ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​នៃ​ខេត្ត​យូ​ណាន ដឹកនាំ​ដោយ​លោក ចិន ហាវ (Chen Hao) លេខាធិការ​បក្ស​កុំ​មុយ​នី​ស​នៃ​ខេត្ត​យូ​ណាន កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែមីនា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​ស្នើ​គណៈប្រតិភូ​ខេត្ត​យូ​ណាន បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា និង​ផ្តល់​ស្តង់​ឥតគិតថ្លៃ​បន្ថែមចំនួន ១០០​ស្តង់ ដល់​វិស័យ​ឯកជន​កម្ពុជា ក្នុង​ការ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគ ចិន​-​អាស៊ី​ខាងត្បូង និង​ប្រទេស​អាស៊ី​អា​គ្ន​យ៍ លើក​ទី​៥ ដែល​គ្រោង​នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​១២-១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​គុន​មី​ញ នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន​។



នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​គណៈប្រតិភូ​ខេត្ត​យូ​ណាន ដែល​បាន​ចូលរួម​វិនិយោគ​នៅ​កម្ពុជា និង​បាន​លើកឡើង​អំពី​បញ្ហា​កង្វះ​ស្តង់​ពិព័រណ៍ និង​ការកើនឡើង​នៃ​តម្លៃ ដែលជា​ឧបសគ្គ​សម្រាប់​វិស័យ​ឯកជន​កម្ពុជា ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ ដែលជា​លទ្ធផល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​យូ​ណាន នៅមានកម្រិត​ស្តួចស្តើង​នៅឡើយ​។



ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ប្រទេស​ទាំងពីរ លោក​រដ្ឋមន្ត្រី បាន​សំណូមពរ លោក ចិន ហាវ ជួយ​កៀងគរ​វិនិយោគិន​ខេត្ត​យូ​ណាន ឱ្យមក​បណ្តាក់ទុន​ថែមទៀត​នៅ​កម្ពុជា លើ​វិស័យ​ទេសចរណ៍ ថាមពល បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ថ្មី (CTIS) របស់​កម្ពុជា និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា (IDP) ឆ្នាំ​២០១៥-២០២៥​។



​ជាការ​ឆ្លើយតប លោក ចិន ហាវ បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី និង​ក្រសួងពាណិជ្ជកម្ម ដែល​កន្លងមក​បាន​គាំទ្រ និង​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ របស់​ខេត្ត​យូ​ណាន​នៅក្នុង​ប្រទេស​កម្ពុជា និង​តែង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ខេត្ត​យូ​ណាន ដូចជា​៖ ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង និង​ពិព័រណ៍​នាំចេញ​-​នាំចូល (​គុន​មី​ញ​) លើក​ទី​២៥ ជាដើម​។

​លោក ចិន ហាវ បាន​ជម្រាប​ជូន លោក​រដ្ឋមន្ត្រី អំពី​ចក្ខុវិស័យ​របស់​ខេត្ត​យូ​ណាន សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ តាមរយៈ​ការជំរុញ​វិនិយោគ ការបង្កើត​ឱកាស​ធុរកិច្ច និង​ការ​ផ្លាស់ប្តូរ​ចំណេះដឹង និង​វប្បធម៌ របស់​ប្រជាជន​នៅ​គ្រប់​កម្រិត​។ ពាក់ព័ន្ធ​ជាមួយ​សំណើ​របស់ លោក​រដ្ឋមន្ត្រី លោក ចិន ហាវ ក៏បាន​សម្តែង​ការ​គាំទ្រ និង​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ណាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​។



​ក្រសួង​បញ្ជាក់​ថា​ ក្នុង​ជំនួប​នោះ ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​ក្រោម​ក្របខណ្ឌ​ផ្លូវ និង​ខ្សែក្រវាត់ ដែល​ផ្តួចផ្តើម​ដោយ លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu