ឧត្តរមានជ័យ ៖ ដោយបានទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពី លោក កូយកាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងក្រុង សំរោង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខ រួចថតបង្ហោះនៅលើអាខោនដែលមាន ឈ្មោះ (ផុស ផុស) ដោយបានសរសេរចំណង ជើងថា អញចង់ធ្វើអញ្ចឹងទើសក្បាលអាណា។
ជនសង្ស័យខាងលើ ឈ្មោះ ភឿ ផុស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
លោក ឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះសមត្ថកិច្ចយើងបានធ្វើការឆែករកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)០១កញ្ចប់តូច សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន,ទូរស័ព្ទដៃ០៤គ្រឿង ឧបករណ៍ឆក់ត្រី០១គ្រឿង។
លោក ឡឹក សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងទៀតថា បច្ចុប្បន្នកំពុងសាកសួរ និងរៀបចំសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments