Ad Code

សភា​ដែល​មានតែ​បុរស​របស់​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​ កំពុង​សម្លឹង​រក​អាសនៈ​សម្រាប់​ស្ត្រី​



ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​កំពុង​ពិចារណា​ធ្វើ​ឲ្យ​សភា​របស់ខ្លួន​ដែលមាន​សុទ្ធតែ​ប្រុសៗ​ឲ្យ​មាន​តំណាងរាស្ត្រ​បន្ថែមទៀត​ដោយ​ការបង្កើត​អាសនៈ​សភា​បម្រុង​សម្រាប់​ស្ត្រី។

លោកនាយក​រដ្ឋមន្ត្រី Peter O'Neill បាន​ណែនាំ​អំពី​សំណើ​នេះ​នៅក្នុង​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ដោយ​និយាយថា វា​គឺជា​រឿង​សមរម្យ​ដែល​ត្រូវមាន​ការជជែក​វែកញែក​បន្ថែមទៀត​ស្តីពី​តួនាទី​របស់​ស្ត្រី​នៅក្នុង​កម្រិត​នៃ​ថ្នាក់ដឹកនាំ។

បច្ចុប្បន្ន​មាន​សមាជិកសភា​ចំនួន​១១១​នាក់​នៅក្នុង​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​ដែល​តំណាង​ឲ្យ​ប្រជាជន​ចំនួន​៨.៣​លាន​នាក់​ហើយ​សមាជិកសភា​មិនមាន​ស្ត្រី​សូម្បីតែ​ម្នាក់។

ថ្លែង​មុនពេល​សម្រាក​ដែល​ស្របគ្នា​ជាមួយ​ទិវា​ប្រចាំឆ្នាំ​ដើម្បី​លើកស្ទួយ​សមភាព​, លោក O'Neill បាន​ថ្លែងថា វា​គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែល​ផលប្រយោជន៍​របស់​ស្ត្រី​ត្រូវបាន​គេ​មិន​យកចិត្តទុកដាក់។

លោក​បាន​និយាយថា “​នៅក្នុង​រដ្ឋសភា​របស់​យើង​ផ្ទាល់ បច្ចុប្បន្ន​យើង​មិនមាន​សមាជិក​ជា​ស្ត្រី​ទេ​។ ដូច្នេះ​មាន​បេក្ខជន​ជា​ស្ត្រី​ដែលមាន​ជំនាញ​ខ្ពស់​និង​មាន​ទេពកោសល្យ​ជាច្រើន​នាក់ ពួកគេ​មិនបាន​ជាប់ឆ្នោត​ទេ​។ ខ្ញុំ​ចង់ឃើញ​ស្ថានភាព​នេះ​ត្រូវបាន​កែលម្អ​ហើយ​រដ្ឋាភិបាល​របស់​យើង​នឹង​បង្ហាញ​សំណើ​មួយ​ទៅ​សភា​ដែល​នឹង​បង្កើត​អាសនៈ​ពិសេស​សម្រាប់​ស្ត្រី​”​។​

ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​កំពុង​តស៊ូ​ដើម្បី​យកឈ្នះ​លើ​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់ខ្លួន​ដែលថា​ជា​កន្លែង​អាក្រក់​បំផុត​នៅក្នុង​ពិភពលោក​ក្នុងការ​ក្លាយជា​ស្ត្រី​។​

អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ផ្លូវភេទ​គឺមាន​ច្រើន​ហើយ​ជារឿយៗ​មិនត្រូវ​បាន​គេ​ផ្តន្ទាទោស​ទេ​។ គេ​បាន​ប៉ាន់ប្រមាណ​ថា ស្ត្រី​ពីរភាគបី​នៅ​ប៉ា​ពួ​ញូ​ហ្គី​ណេ​បាន​ជួបប្រទះ​អំពើហិង្សា​ក្នុង​គ្រួសារ។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ក្នុងការ​មើល​ឃើញ​ជម្លោះ​ក្នុង​គ្រួសារ​កើតឡើង​នៅ​ទី​សាធារណៈ​។ ប៉ុន្តែ​កំណែទម្រង់​ច្បាប់​ជា​បន្តបន្ទាប់​បាន​ផ្លាស់ប្តូរ​ការពិន័យ​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ហើយ​ជនរងគ្រោះ​បាន​និយាយថា ឥឡូវនេះ​ប៉ូលិស​កំពុងតែ​យកចិត្តទុកដាក់​ជាង​មុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu