ភ្នំពេញ ៖ តារាចម្រៀង និង សម្តែង អ្នកនាង ទូច ស្រីល័ក្ខ ថ្មីៗនេះ បានបង្ហាញអារម្មណ៍ហាក់កំពុងមានបញ្ហាវិបត្តិផ្លូវចិត្ត និងមានរឿងមិនសប្បាយចិត្តលើបុគ្គលដែលជាភាគី នៃជម្លោះរបស់ខ្លួន រហូតបញ្ចេញសារផ្លែផ្កាជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។
បើផ្អែកតាមការបញ្ជាក់របស់ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់បង្កប់អត្ថន័យបង្ហាញប្រាប់បុគ្គលនោះថា ចាំពាក្យមួយថា អ្នកមិនអាចបំផ្លាញខ្ញុំដោយភាពមិនមានការទទួលខុសត្រូវរបស់អ្នកជាដាច់ខាត អ្នកមិនមែនជាបុគ្គលម្នាក់ដែលគិតថាអ្វីជាការងារ អ្វីជាការងារផ្ទាល់ខ្លួននោះទេ អ្នកបានបំផ្លាញទាំងពេលវេលា ព្រមទាំងភាពជឿទុកចិត្ត និងលុយកាក់មួយចំនួនដែលខ្ញុំបានធ្វើ។
តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ បាននិយាយបន្តទៀតថា បើទង្វើរបស់អ្នកចេញទៅដោយមានភាពទទួលខុសត្រូវទាំងការសូមទោស ឬមូលហេតុតែបន្តិចនោះ ប្រាកដជាមិនមានអ្វីដែលធ្វើឲ្យខ្ញុំឆ្អែតនោះទេ តែវាទទេស្អាត អត្តចរិតរបស់អ្នកបែបណាប្រាកដជាអ្នកធ្វើការជាមួយអ្នក នឹងដឹងនៅថ្ងៃណាមួយជាមិនខាន។
តារាស្រីដែលចូលចិត្តលេងស្តាយបែបកំប្លុកកំប្លែង អ្នកនាង ទូច ស្រីល័ក្ខ បានបន្ថែមទៀតថា ត្រូវចាំថា ខ្ញុំជាមនុស្សម្នាក់ដែលស្មោះត្រង់ អត់ចូលចិត្តទេ ភាពមិនស្មោះត្រង់ ជាសុភា តែងតែផ្តល់កម្លាំងចិត្តខ្ញុំជានិច្ច អរគុណ។ ទាក់ទងការបញ្ចេញសារមិនសប្បាយចិត្តរបស់ អ្នកនាង ទូច ស្រីល័ក្ខ ខាងលើនេះដែរ គេនៅពុំទាន់ដឹងទេថា តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ និយាយនេះ ចង់សំដៅលើបុគ្គលណាម្នាក់ ឬមនុស្ស ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាយ៉ាងណានោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments