មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនៅតែជឿជាក់ថា ការរំសាយអាវុធនុយក្លេអ៊ែរដែលមានការផ្ទៀងផ្ទាត់ពេញលេញរបស់ប្រទេសកូរ៉េខាងជើងគឺអាចធ្វើទៅបានត្រឹមបញ្ចប់ “អាណត្តិទី១” របស់លោកប្រធានាធិបតីដូណាល់ត្រាំថ្វីបើមានការព្រមានថា ទីតាំងបាញ់បង្ហោះរ៉ុក្កែតដ៏សំខាន់មួយហាក់ដូចជាបន្តប្រតិបត្តិការឡើងវិញក៏ដោយ។
វេបសាយ 38 North ដែលមានឯកទេសនិងមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្ដរជាតិបានប្រើរូបភាពផ្កាយរណបពាណិជ្ជកម្មដើម្បីតាមដានការសាងសង់នៅទីតាំងនោះដែលពួកគេនិយាយថាបានចាប់ផ្តើមមុនកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុននៅក្នុងទីក្រុងហាណូយរវាងលោកត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។
រូបភាពដែលថតនៅថ្ងៃទី៦ខែមីនាបានបង្ហាញថា រចនាសម្ព័ន្ធនៅលើផ្លូវដែកដើម្បីផ្ទេរគ្រាប់រ៉ុក្កែតទៅកន្លែងបាញ់បង្ហោះហាក់ដូចជាត្រូវបានសម្រេចហើយឥឡូវនេះអាចនឹងដំណើរការបាន។
ដងស្ទូចត្រូវបានយកចេញពីទីតាំងនោះខណៈការរីកចម្រើនក៏ហាក់ដូចជាត្រូវបានបង្កើតឡើងផងដែរលើការកសាងឡើងវិញនូវរចនាសម្ព័ន្ធគាំទ្រសម្រាប់ជើងទម្រធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត។
របាយការណ៍របស់ 38 North បានឲ្យដឹងថា “ដោយសារតែការសាងសង់នេះរួមជាមួយនឹងសកម្មភាពនៅកន្លែងផ្សេងទៀតនៃទីតាំងនោះ ស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae ទំនងជាវិលត្រលប់ទៅរកស្ថានភាពប្រតិបត្តិការធម្មតាឡើងវិញ”។
ព័ត៌មាននេះនឹងធ្វើឲ្យសេតវិមានមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពនៃកិច្ចចរចាជាមួយកូរ៉េខាងជើងបន្ទាប់ពីការដួលរលំនៃកិច្ចប្រជុំកំពូលលើកទីពីររវាងលោកត្រាំនិងលោកគីមដោយមិនមានសេចក្តីថ្លែងការណ៍រួមគ្នាមួយ។
មន្ត្រីដដែលបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងស្វែងរកការបំភ្លឺពីទីក្រុងព្យុងយ៉ាងអំពីគោលបំណងនៃការស្ថាបនាទីតាំងនេះឡើងវិញ។ មន្ត្រីបានបន្ថែមថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ឈានដល់ការសន្និដ្ឋានជាក់លាក់ណាមួយអំពីអ្វីដែលកំពុងកើតឡើងនៅទីនោះទេ។
នៅពេលត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍ថាតើគាត់មានការខកចិត្តចំពោះដំណឹងនេះដែរឬក៏អត់នោះ លោកត្រាំបាននិយាយថា “យើងនឹងមើលឃើញ។ យើងនឹងប្រាប់អ្នកឲ្យដឹងក្នុងរយៈពេលមួយឆ្នាំ”។
ប្រធានាធិបតីរូបនេះបានប្រកាសថា វាឆាប់ពេកហើយក្នុងការប្រាប់ថាតើរបាយការណ៍មុនអំពីសកម្មភាពនៅទីតាំងនេះគឺជាការពិតឬក៏យ៉ាងណាប៉ុន្តែលោកបាននិយាយថា លោកនឹងមានការខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធានគីមប្រសិនបើរឿងនេះពិតមែន។
គួរបញ្ជាក់ជាថ្មីថា លោកគីមបានព្រមព្រៀងបិទទីតាំងសាកល្បងមីស៊ីល Sohae នៅឯកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីនក្នុងទីក្រុងព្យុងយ៉ាងដែលជាផ្នែកមួយនៃវិធានការកសាងទំនុកចិត្តហើយរូបភាពផ្កាយរណបកាលពីខែសីហាបានបង្ហាញថា កម្មករបានរុះរើជើងទម្រធ្វើតេស្តម៉ាស៊ីននៅទីតាំងនោះរួចទៅហើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments