ភ្នំពេញ ៖ មហាជនច្បាស់ជាបានដឹងគ្រប់គ្នារួចមកហើយ នូវស្នេហារបស់តារាសិល្បៈប្រុស-ស្រីរួមអាជីពដូចគ្នា គឺ កញ្ញា កុល ដាវី និង លោក សុខ រក្សា ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណ៥ឆ្នាំមកហើយ ដែលពួកគេទាំងពីរបានភ្ជាប់ទំនាក់ទំនងចំណងស្នេហ៍ផ្អែមល្ហែមជាមួយគ្នាដោយបើកចំហដូចរលកញីឈ្មោល។
នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ អ្នកទាំងពីរ គឺ កញ្ញាកុល ដាវី និងលោក សុខ រក្សា ក៏បានសម្រេចតាមបំណងរបស់ខ្លួនតាមរយៈចំណងអាពាហ៍ពិពាហ៍ផ្លូវការ ដោយមានចាស់ទុំ ម៉ែឪ និងសាច់ញាតិទាំងសងខាងដឹង ឮ ស្របតាមគន្លងប្រពៃណី។ អាពាហ៍ពិពាហ៍របស់ពួកគេបានធ្វើឡើងចំឱកាស នៃថ្ងៃឈប់សម្រាក នៃទិវាសិទ្ធិនារីអន្តរជាតិ ខណៈអញ្ជើញភ្ញៀវចូលរួមចំនួនជាង៥០តុដែលទីកន្លែងទទួលភ្ញៀវ គឺធ្វើឡើងនៅអគារ C កោះពេជ្រ។
ជាការកត់សម្គាល់សម្រាប់ទិដ្ឋភាព នៃពិធីអាពាហ៍ពិពាហ៍របស់ កុល ដាវី និង លោក សុខ រក្សា នាថ្ងៃនេះគេសង្កេតឃើញមានអ្នកសិល្បៈរួមអាជីពល្បីៗជាច្រើនបានអញ្ជើញចូលរួមអបអរ។
ម្យ៉ាងទៀត រឿងដែលធ្វើឲ្យពួកគេរំភើបខ្លាំងបំផុតទៀតនោះ គឺទទួលបានការដូរជាចំណងដៃចំនួន៥.០០០ដុល្លារ ពី សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលធ្វើឲ្យតារាប្រុស-ស្រីមួយគួរនេះរំភើបញញឹមបិទមាត់មិនជិតឡើយ។
បើតាមការបញ្ជាក់ពីតារាស្រី កុល ដាវី បានលើកឡើងថា កាលពីថ្ងៃទី១៤កុម្ភៈ ពោលគឺមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ជិត១ខែ នាង និងស្វាមី លោក សុខ រក្សា ទទួលបានក្តីសន្ដោសពី សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារ ជាចំណងដៃ នៃថ្ងៃអាពាហ៍ពិពាហ៍។
គូស្នេហ៍ កុល ដាវី និង សុខ រក្សា បានលើកឡើងថា យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី២ហើយដែល សម្តេច មីង លោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ។ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្ដេចមីង និងសម្ដេចពូ លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន៥.០០០ដុល្លារ នៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់….។
តារាស្រី កុល ដាវី បន្ថែមថា យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរ សម្ដេចទាំងពីរ មានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់ កូន កូនចៅ ជាពិសេសដើម្បីដឹកនាំនាវាកម្ពុជាឈានទៅរកភាពរីកចម្រើន និង សុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments