យោងតាមភ្នាក់ងាររ៉យទ័របានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ការដាច់ចរន្តអគ្គិសនីដ៏ធំមួយបានកើតឡើងក្នុងប្រទេសវេណេហ្ស៊ូអេឡាដែលនេះជាបញ្ហាមួយត្រូវបានរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ស្តីបន្ទោសយ៉ាងឆាប់រហ័សទៅលើ “ការបំផ្លិចបំផ្លាញដោយចេតនា” នៅទំនប់វារីអគ្គិសនីមួយដែលផ្តល់ថាមពលយ៉ាងច្រើនដល់ប្រទេសនេះ។
ការដាច់ចរន្តអគ្គិសនីគឺជារឿងញឹកញាប់នៅក្នុងប្រទេសវេណេហ្ស៊ូអេឡាដែលជាកន្លែងសេដ្ឋកិច្ចកំពុងតែដួលរលំនៅក្រោមការរីករាលដាលនៃអតិផរណាជាមួយកង្វះខាតស្បៀងអាហារនិងថ្នាំពេទ្យហើយមានការធ្វើចំណាកស្រុកដ៏ធំនៃប្រជាពលរដ្ឋជាង៣លាននាក់។
ក្រុមអ្នករិះគន់បាននិយាយថា អំពើពុករលួយនិងការវិនិយោគតិចតួចបានធ្វើឲ្យបណ្តាញអគ្គិសនីរបស់ប្រទេសនេះមិនអាចដំណើរការបានខណៈលោក Maduro និយាយថា បញ្ហាទាំងនេះត្រូវបានបង្កើតឡើងដោយចេតនាពីសំណាក់អ្នកឃោសនានយោបាយ។
ហ្វូងមនុស្សបានប្រមូលផ្តុំនៅលើផ្លូវដ៏ធំមួយក្នុងទីក្រុង Caracas។ មនុស្សជាច្រើនបាននិយាយថា ពួកគេរំពឹងថា ពួកគេនឹងត្រូវដើរច្រើនម៉ោងទៅផ្ទះដោយសារតែរថយន្តក្រុងពីរបីគ្រឿងនៅតាមដងផ្លូវគឺមានមនុស្សជិះពេញហើយប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងនេះត្រូវបានបិទ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអ្នកប្រើប្រាស់ Twitter បានរាយការណ៍ថា ការដាច់ចរន្តអគ្គិសនីនេះបានប៉ះពាល់ដល់រដ្ឋធានី Caracas ក៏ដូចជារដ្ឋចំនួន១៥ក្នុងចំណោមរដ្ឋទាំង២៣របស់ប្រទេសនេះផងដែរ។ អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិបានចាត់ទុកថា វាជាការដាច់ភ្លើងទូទាំងប្រទេស។
លោក Luis Motta រដ្ឋមន្ត្រីក្រសួងអគ្គិសនីបាននិយាយថា “មានអ្នកវាយប្រហារម៉ាស៊ីននិងចរន្តបញ្ជូននៅទំនប់វារីអគ្គីសនី Guri ដែលជាឆ្អឹងខ្នងនៃប្រព័ន្ធអគ្គិសនី”។
លោកបានអះអាងថា សេវានឹងត្រូវបានស្ដារឡើងវិញក្នុងរយៈពេលប្រហែលបីម៉ោង៕
Source: Kampuchea Thmey Daily
0 Comments