ភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ជំនួបសំណេះសំណាលនេះធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រ សហគ្រាសទាំង៦នេះ មកពីស្រុកក្រគរចំនួន៣ ស្រុកបាកាន់ចំនួន១ និង ក្រុងពោធិ៍សាត់ចំនួន១។ រោងចក្រ សហគ្រាសទាំង៦ នេះវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួនពីរ។ រោងចក្រ សហគ្រាសទាំង៦ រួមមាន ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២, ផ្គត់ផ្គង់អគ្គិសនីចំនួន២, ផលិតត្រង់ស្វូអគ្គិសនីចំនួន ១ និង ចិញ្ចឹមសត្វចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និង អន្តរជាតិ។
តាមរយៈគោលនយោបាយពង្រាយរោងចក្ររបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យវត្តមានរោងចក្រសហគ្រាសជាច្រើន រំលេចវត្តមាននៅ លើទឹកដីខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខេត្តពោធិ៍សាត់បានក្លាយជាខេត្តមានការទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម វារីអគ្គិសនី ..។ល។ និងមានសហគ្រាស គ្រឹះស្ថានការងារចំនួន១០៧មានកម្មករ និយោជិតចំនួន ១១,៤០៧នាក់ ដោយទទួលបានប្រាក់ឈ្នួល សរុប៣៩លានដុល្លារ ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន៦៦លើក ដែលមានអ្នកចូល រួមសរុប៩៤២,២៦៧នាក់។
តាមរយៈបេសកកម្មចុះជួបកម្មករនិយោជិតជាបន្តបន្ទាប់នេះ សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ កម្មករ និយោជិត និងបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់កម្មករ និយោជិត និង លើកកម្ពស់ជីវភាពរបស់ពួកគេ។
ដើម្បីធានាដល់ការរក្សាបាននូវអត្ថប្រយោជន៍ផ្សេងដែល សម្ដេចតេជោ បានដាក់ចេញនោះ បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបន្តតាមដានយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗចំនួន ១០ ដែលជាអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៕
Source: Kampuchea Thmey Daily
0 Comments